អន្តជាតិ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានអំពាវនាវឲ្យអង់គ្លេសចាត់ទុកក្រុមឧទ្ទាមហួទី និងអ្នកគាំទ្រអ៊ីរ៉ង់របស់ពួកគេ ជាអង្គការភេរវកម្ម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី១៥ មករា ២០២៤។
លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បាននិយាយថា សហគមន៍អន្តរជាតិ គួរតែហាមឃាត់ទាំងក្រុមឧទ្ទាមយេម៉ែន និងកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីកាត់ផ្តាច់ការគាំទ្រ និងការផ្តល់មូលនិធិ។
លោកបានប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទខ្លីមួយថា «ខ្ញុំគិតថាសហគមន៍អន្តរជាតិ គួរតែចាត់ទុកក្រុមហួទី និងកងឆ្មាំបដិវត្តន៍អ៊ីស្លាម ជាអង្គការភេរវកម្ម» ពីព្រោះនោះជាអ្វីដែលពួកគេត្រូវចាត់ទុកបែបនេះ។
ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីអង់គ្លេស និងអាមេរិកវាយប្រហារលើគោលដៅក្រុមហួទី ក្នុងប្រទេសយេម៉ែន ក្នុងការវាយប្រហារតាមអាកាសរបស់លោកខាងលិច ជាការសងសឹកចំពោះការវាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហម។
លើសពីនេះទៅទៀត ក្រុមហួទី ដែលត្រូវបានបណ្តុះបណ្តាល និងផ្តល់មូលនិធិដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម ដែលជាកងយោធារបស់របបអ៊ីរ៉ង់ បានប្រកាសសង្រ្គាមលើអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា៕RT