នាយករដ្ឋមន្ត្រីជប៉ុនបង្ហាញផែនការថវិកា ២៥ពាន់លានដុល្លារ ជំរុញអត្រាកំណើតក្នុងប្រទេស
អន្តរជាតិ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានបង្ហាញផែនការថវិកាចំនួន ២៥ពាន់លានដុល្លារ ដើម្បីពង្រីកការគាំទ្រដល់យុវជន និងក្រុមគ្រួសារ ក្នុងការជួយជំរុញអត្រាកំណើតដែលធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០២ មិថុនា ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានប្រាប់ក្រុមរដ្ឋមន្រ្តី អ្នកជំនាញ និងអ្នកដឹកនាំធុរកិច្ចនៅក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះថា លោកចង់ចំណាយថវិកាប្រហែល ៣.៥ទ្រីលានយ៉េន ឬប្រហែល ២៥ពាន់លានដុល្លារ ក្នុងរយៈពេលបីឆ្នាំខាងមុខ សម្រាប់អនុវត្តគោលនយោបាយជំរុញអត្រាកំណើតក្នុងប្រទេស។
លោក គីស៊ីដា បន្តថា លោកកំពុងស្នើឡើងនូវគោលនយោបាយ ដើម្បីទប់ទល់នឹងការធ្លាក់ចុះ នៃអត្រាកំណើតនៅលើមាត្រដ្ឋានដែលមិនធ្លាប់មានពីមុនមក និងវិធានការបង្កើនប្រាក់ចំណូលរបស់យុវជន និងការចិញ្ចឹមថែទាំកុមារ។
លោក គីស៊ីដា បានសង្កត់ធ្ងន់ថា ពួកយើងនឹងឈានទៅមុខជាមួយវិធានការទាំងនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងអត្រាកំណើតដែលធ្លាក់ចុះ ដោយមិនទាមទារឱ្យសាធារណជនទទួលបន្ទុកបន្ថែមទៀតឡើយ៕