អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចេញក្រឹត្យមួយបណ្តេញឥស្សរជនសន្តិសុខជាន់ខ្ពស់ម្នាក់ ហើយលោកអះអាងដាច់ដោយឡែកថា លោកកំពុងលុបបំបាត់រដ្ឋាភិបាលស្អុយក្នុង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១២ កុម្ភៈ ២០២៣។
តាមពិតការបណ្ដេញនេះ មិនមែនជាលើកទី១នោះទេ ត្បិតប៉ុន្មានសប្ដាហ៍មុន អាជ្ញាធរអ៊ុយក្រែនបានបណ្តេញមន្ត្រីរាប់សិបនាក់មកហើយ ហើយក៏បានបើកការស៊ើបអង្កេតដើម្បីវែកមុខជនពុករលួយនៅក្នុងប្រទេសផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមក្រឹត្យខ្លីមួយចេញដោយការិយាល័យប្រធានាធិបតី មន្ត្រីដែលលោក Zelenskyy បានបណ្តេញចេញពីជួររដ្ឋាភិបាលគឺ Ruslan Dziuba ជាមេបញ្ជាការរងនៃកងការពារជាតិ។ ប៉ុន្តែចំពោះហេតុផលជាក់លាក់នៃការទម្លាក់មន្ត្រីជាន់ខ្ពស់រូបនេះ ពុំមានបញ្ជាក់ច្បាស់ឡើយ លោកប្រធានាធិបតីគ្រាន់តែនិយាយដោយប្រយោលថា ខ្លួនកំពុងបោសសម្អាតមន្ត្រីពុករលួយ។
នៅក្នុងជំនួបជាមួយមន្ត្រីការពារជាតិ និងមន្ត្រីមហាផ្ទៃ លោក Zelenskyy បានជម្រុញសមាជិកក្រោមឱវាទឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការប៉ុនប៉ងពីខាងក្រៅ ឬខាងក្នុងផ្ទាល់ ដើម្បីធានាសន្តិសុខជាតិពេញលេញ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនធ្លាប់និយាយកាលពីថ្ងៃព្រហស្បតិ៍មុនថា មន្ត្រីរាប់រយនាក់នៅក្រសួង និងនៅក្នុងកងកម្លាំងប្រដាប់អាវុធត្រូវបានដាក់វិន័យ កាលពីឆ្នាំ២០២២ បន្ទាប់ពីសវនកម្មផ្ទៃក្នុង ហើយពួកគេនឹងគ្មានឱកាសលើកលែងទោសចំពោះអំពើពុករលួយរបស់ពួកគេឡើយ៕RT