ចំនួនអ្នកស្លាប់កើនដល់ ១១,០០០នាក់នៅហ្គាហ្សា ខណៈអាមេរិកព្រួយបារម្ភខ្លាំង ចំពោះការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន
ហ្គាហ្សា៖ សហរដ្ឋអាមេរិក សម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញការហក់ឡើងចំនួនប្រជាជនប៉ាឡេស្ទីនបាត់បង់ជីវិតនៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១២ វិច្ឆិកា ២០២៣។
ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស បានកើនឡើងនៅជិត និងជុំវិញមន្ទីរពេទ្យដែលឡោមព័ទ្ធ និងមានមនុស្សច្រើនកកកុញក្នុងទីក្រុងហ្គាហ្សា។ ហើយជាលទ្ធផលនោះ មន្រ្តីសុខាភិបាលនិយាយថា ចំនួនអ្នកស្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលរយៈពេល ៦សប្តាហ៍មកនេះ បានកើនឡើងដល់ ១១,០០០នាក់។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានប្រាប់អ្នកយកព័ត៌មានក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាថា ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានសម្លាប់ ហើយមានមនុស្សជាច្រើនបានរងទុក្ខវេទនាកាលពីប៉ុន្មានសប្តាហ៍មុននេះ។ ហេតុដូច្នេះហើយ លោកស្វាគមន៍ការផ្អាកបាញ់មនុស្សធម៌រយៈពេល ៤ម៉ោងក្នុងមួយថ្ងៃរបស់អ៊ីស្រាអែល ដែលសេតវិមានបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ុន្តែបានប្រាប់អ្នកយកព័ត៌មានថា ត្រូវការវិធានការបន្ថែមទៀត ដើម្បីការពារអាយុជីវិតជនស៊ីវិលនៅតំបន់ហ្គាហ្សា។
មន្រ្តីប៉ាឡេស្ទីន និយាយថា ប្រជាជនប្រមាណ ១១,០៧៨នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា។ ហើយនៅថ្ងៃសុក្រដដែលនេះ ក្រសួងការបរទេសអ៊ីស្រាអែលបញ្ជាក់ថា មនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ ភាគច្រើនជាជនស៊ីវិល និងចាប់ធ្វើចំណាប់ខ្មាំងចំនួន ២៤០នាក់ ខណៈដែលទាហានអ៊ីស្រាអែល ៣៩នាក់ក៏បានត្រូវបានសម្លាប់ផងដែរ៕