ប្រធានាធិបតីបារាំង លោក Macron អះអាងថា G20 គ្មានបានដោះស្រាយបញ្ហាប្រឈមថ្មីៗ រួមទាំងសង្គ្រាម
បរទេស៖ ប្រធានាធិបតីបារាំង លោក Macron បានចោទប្រកាន់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬ G20 ថា មិនបានដោះស្រាយបញ្ហាប្រឈមថ្មីៗ និងធ្វើឱ្យពិភពលោកមានសុវត្ថិភាព ជាងមុន នោះទេ។ លោកបាននិយាយថា G20 គឺជាវេទិកាមួយ «មិនដំណើរការ» ហើយបង្កើតសេចក្តីថ្លែងការណ៍ដែល «គ្មាននរណាម្នាក់អាន»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ វិច្ឆិកា ២០២៤។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយ ក្នុងអំឡុងសុន្ទរកថា នៅឯកិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ថា «យើងមិនបានបង្ហាញសមត្ថភាពរបស់យើង ក្នុងការទប់ស្កាត់ ឬ ដោះស្រាយជម្លោះ នោះទេ។ នៅពេលដែលយើងនិយាយពីការមានជម្លោះ ចំនួន៥៧ នៅជុំវិញពិភពលោក»។
លោក Macron បានបន្ថែមថា «ប្រសិទ្ធភាពរបស់យើងមិនគ្រប់គ្រាន់ទេ ហើយការតំណាងរបស់យើង ក៏ខ្វះខាតដែរ»។ លោក Macron ស្នើឲ្យមាន «ក្រុមការងារ Rio-Johannesburg កម្រិតខ្ពស់» ក្នុងទិដ្ឋភាព នៃកិច្ចប្រជុំកំពូល G20 ឆ្នាំ២០២៥ នៅប្រទេសអាហ្វ្រិកខាងត្បូង។
លោក Macron ក៏បានព្រមានប្រឆាំងនឹងសង្គ្រាមពាណិជ្ជកម្មពិភពលោក និងនៅពីក្រោយ ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ហើយបានអំពាវនាវ ដល់មេដឹកនាំប្រទេសផ្សេងទៀត ឱ្យជួយគាំទ្រវឌ្ឍនភាព ដែលបានកើតឡើង។
លោកបានមានប្រសាសន៍ថា «យើងបានធ្វើការរីកចម្រើន ចាប់តាំងពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ប៉ុន្តែទាំងអស់នេះ មានភាពផុយស្រួយ ហើយអាចត្រូវបានចោទសួរ នៅពេលណាមួយ ដោយប្រជាជាតិណា ដែលមិនគោរពលក្ខខណ្ឌ ឬ ធ្វើការចាកចេញ»៕RT