ស្ថាបនិក Amazon វ៉ាដាច់លោក Musk ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុតលើពិភពលោក
វ៉ាស៊ីនតោន៖ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានវ៉ាដាច់ស្ថាបនិកក្រុមហ៊ុន Tesla ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុតលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg នៅថ្ងៃទី ០៦ មីនា ២០២៣។
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Bezos មានចំនួន ២០០ពាន់លានដុល្លារ នេះបើយោងតាមអ្នកតាមដាន ដោយតួលេខនេះ ច្រើនជាងទ្រព្យសម្បត្តិរបស់ស្ថានិកក្រុមហ៊ុន Tesla ដែលមានត្រឹមតែ ១៩៨ពាន់លានដុល្លារប៉ុណ្ណោះ។
លោក Musk ដែលជាប្រធានក្រុមហ៊ុនបណ្តាញសង្គម X និងក្រុមហ៊ុន SpaceX បានធ្លាក់ចុះពីតំណែងជាមហាសេដ្ឋីមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុតលើពិភពលោក បន្ទាប់ពីខាតបង់ប្រាក់ ៣០ពាន់លានដុល្លារ ដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ២៥ភាគរយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ដោយឡែក នាយកប្រតិបត្តិក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនផលិតទំនិញប្រណិតបំផុតក្នុងពិភពលោក គឺលោក Bernard Arnault នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមអ្នកមានច្រើនជាងគេលើពិភពលោក ជាមួយនឹងទ្រព្យសម្បតិ្តសុទ្ធ ១៩៧ពាន់លានដុល្លារ៕RT