សហភាពអាហ្វ្រិក អំពាវនាវឱ្យបញ្ឈប់ការជ្រៀតជ្រែកពីខាងក្រៅនៅលីប៊ី
ទ្រីប៉ូលី៖ សហភាពអាហ្វ្រិក ហៅកាត់ថា (AU) ជំរុញឱ្យបញ្ចប់ “ការជ្រៀតជ្រែកពីខាងក្រៅ” នៅលីប៊ី ជាប្រទេសហែកហួរដោយសារសង្គ្រាមស៊ីវិលចាប់តាំងពីឆ្នាំ ២០១១។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃទី០៦ កុម្ភ: ២០២៣។
សហភាពអាហ្រ្វិក (AU) ដែលរៀបចំកិច្ចប្រជុំពិសេសលើកទី៩របស់ខ្លួន ស្តីពីប្រទេសលីប៊ី បានគូសបញ្ជាក់អំពីតម្រូវការ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លីប៊ី ដើម្បីវិលទៅរកភាពប្រក្រតីឡើងវិញ។
រដ្ឋមន្ត្រីការបរទេសកុងហ្គោ លោក Jean-Claude Gakosso បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកសហភាពអាហ្វ្រិកចេញការអំពាវនាវជាថ្មីទៀត ដល់តួអង្គខាងក្រៅទាំងអស់ ឱ្យបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសលីប៊ី ពីព្រោះទង្វើនេះ ប៉ះពាល់ដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនលីប៊ី សេចក្តីប្រាថ្នាស្របច្បាប់ ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍។
ប្រធានគណៈកម្មការសហភាពអាហ្រ្វិក លោក Moussa Faki Mahamat ក៏បាននិយាយដែរថា វិបត្តិលីប៊ីបានកើតឡើងយូរពេកហើយ ហើយធ្វើឱ្យប្រជាជនរបស់លីប៊ីខាតបង់យ៉ាងធ្ងន់ធ្ងរ និងជំរុញឱ្យមានអំពើភេរវកម្មនៅក្នុងតំបន់ Sahel នៃតំបន់អាហ្វ្រិក។ បើតាមការគ្រោងទុកនោះ កិច្ចប្រជុំផ្សះផ្សាអន្តរលីប៊ី គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមេសាខាងមុខនេះ នៅទីក្រុង Sirte ក្នុងប្រទេសលីប៊ី។
គួរបញ្ជាក់ថា ការបះបោរដែលគាំទ្រដោយអង្គការណាតូ បាននាំទៅដល់ការផ្តួលរំលំ និងសម្លាប់មេដឹកនាំផ្តាច់ការដ៏យូរ លោក Moamer Kadhafi ក្នុងឆ្នាំ ២០១១។ ជាមួយគ្នានេះ មានកងជីវពលជាច្រើននាក់បានប្រជែងគ្នាដណ្តើមអំណាចជាបន្តបន្ទាប់។
បច្ចុប្បន្នប្រទេសលីប៊ីត្រូវបានបែងចែកជាពីរ គឺរដ្ឋាភិបាលលីប៊ី ដែលទទួលស្គាល់ជាអន្តរជាតិនៅភាគខាងលិច និងមួយទៀតនៅភាគខាងកើតដែលរងគ្រោះដោយគ្រោះមហន្តរាយ ដែលគាំទ្រដោយបុរសខ្លាំងខាងយោធា Khalifa Haftar៕