សេអ៊ូល៖ ទាហានប្រដាប់អាវុធយ៉ាងច្រើនបានរក្សាការឃ្លាំមើល នៅលើកោះ Yeonpyeong ព្រំដែនដាច់ស្រយាលរបស់កូរ៉េខាងត្បូង។ កោះដ៏ស្រស់ស្អាតមួយនេះ ត្រូវបានគេដឹងថា មានចម្ងាយតែ ៣ គីឡូម៉ែត្រ ពីទឹកដីកូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ មករា ២០២៤។

យោធារបស់ទីក្រុងសេអ៊ូលបាននិយាយថា ទីក្រុងព្យុងយ៉ាងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត រយៈពេលបីថ្ងៃ នៅជិតកោះ Yeonpyeong និងកោះព្រំដែនមួយផ្សេងទៀត។ ការណ៍នេះជំរុញឱ្យមានសមយុទ្ធប្រឆាំង ការបង្កើនសន្តិសុខ និងបញ្ជាជម្លៀសប្រជាជន។

មន្ត្រីកងម៉ារីនកូរ៉េខាងត្បូងម្នាក់បានប្រាប់ AFP ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ច្រកទ្វារនេះ ជាធម្មតា ត្រូវបានបិទសម្រាប់ហេតុផលសន្តិសុខ ប៉ុន្តែ វាត្រូវបានបើក នៅថ្ងៃនេះសម្រាប់បេសកកម្មរុករក តាមឆ្នេរសមុទ្រ» ។

អ្នកស្រុកនៅតែចងចាំការវាយប្រហារ កាលពីឆ្នាំ២០១០ ។ នៅពេលនោះ កូរ៉េខាងជើងបានបាញ់ផ្លោងលើកោះ Yeonpyeong ដោយបានសម្លាប់មនុស្ស ៤ នាក់ រួមទាំងទាហានម៉ារីនពីរនាក់ផងដែរ។

លោក Lee Yeon-hwan ដែលបើកភោជនីយដ្ឋាន នៅលើ Yeonpyeong បានប្រាប់ AFP ថា «ដោយសារតែការចងចាំដ៏ឈឺចាប់ពីការបាញ់ផ្លោងឆ្នាំ ២០១០ អ្នកស្រុកនៅទីនេះមានការភ័យស្លន់ស្លោនៅពេលត្រូវបានគេប្រាប់ឱ្យរត់ ទៅរកជម្រកភៀសខ្លួននោះ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ