សម្ដេចក្រឡាហោម ស ខេង ៖ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ ធ្វើឱ្យប្រទេសជាតិរក្សាបានសុខសន្តិភាព
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ ធ្វើឱ្យប្រទេសជាតិរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
សម្តេចក្រឡាហោម ស ខេង លើកឡើងបែបនេះនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន អតីតយុទ្ធជន ថ្នាក់ដឹកនាំឃុំ និងភូមិ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ទស្សនាទានជូនអង្គពិធីបញ្ហាប្រឈមលើពិភពលោកដែលតិចឬច្រើនបានជះឥទ្ធិផលមកលើប្រទេសកម្ពុជា ក្នុងនោះរួមមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងលោកខាងលិច និងខាងកើត សង្គ្រាមរវាងរុស្សុី និងអ៊ុយក្រែន វិបត្តិថាមពល និងស្បៀងអាហារ បញ្ហាសង្គ្រាមស៊ីវិលនៅប្រទេសស៊ូដង់ និងការប្រែលប្រួលអាកាសធាតុកាន់តែអាក្រក់ បន្ថែមលើបន្ទុកបញ្ហាបណ្ដាលមកពីជំងឺកូវីដ-១៩ដែលពិភពលោកមិនទាន់ដោះស្រាយចប់នៅឡើយ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ទាញចំណាប់អង្គពិធីថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
សម្ដេចក្រឡាហោម បានបន្តមានប្រសាសន៍អង្គពិធីអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម៕EB