វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន បានជួបជាមួយសមភាគីអង់គ្លេស លោក ហ្គ្រែន សាបស៍ នៅឯមន្ទីរបញ្ចកោណ ដើម្បីពិភាក្សាគ្នាស្តីពីការគំរាមកំហែងផ្នែកសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃទី០១ កុម្ភ: ២០២៣។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រមុខការពារជាតិអាមេរិក និងអង់គ្លេស បានជជែកគ្នាពាក់ព័ន្ធនឹងបញ្ហាមួយចំនួន។

ក្នុងនោះមានដូចជាការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ លើកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា និងការវាយប្រហារខុសច្បាប់របស់ក្រុមហ៊ូទី លើនាវាដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌នៅហ្គាហ្សា និងការគាំទ្រអ៊ុយក្រែន។

កិច្ចពិភាក្សារវាងប្រមុខការពារជាតិទាំងពីរ ធ្វើឡើងបន្ទាប់ពីយន្តហោះដ្រូន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានវាយប្រហារមូលដ្ឋានយោធានៅភាគឦសានប្រទេសហ្ស៊កដានី ដោយបានសម្លាប់ទាហានអាមេរិក ៣នាក់ និងរបួសជាង ៤០នាក់។

គួរបញ្ជាក់ផងដែរថា នេះជាការស្លាប់យោធាអាមេរិកលើកដំបូង ក្នុងការវាយប្រហារនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីដើមខែតុលាឆ្នាំមុន។ ពាក់ព័ន្ធនឹងការវាយប្រហារនេះដែរ ទីក្រុងវ៉ាស៊ីនតោនបានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធ ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ហើយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ