លោក ពូទីន និងមេដឹកនាំអាហ្វ្រិកដទៃទៀតចូលរួមទិវាកងទ័ពជើងទឹកប្រចាំឆ្នាំរបស់រុស្ស៊ី
មូស្គូ៖ មេដឹកនាំរុស្សី បានលើកសរសើរកងទ័ពជើងទឹករបស់រុស្ស៊ី នៅក្នុងសន្ទរកថានៅឯពិធីអបអរសាទរទិវាកងទ័ពជើងទឹកប្រចាំឆ្នាំរបស់ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ កក្កដា ២០២៣។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបង្ហាញពីកម្លាំងយោធារបស់រុស្ស៊ី ជាមួយនឹងនាវាចម្បាំង, នាវាមុជទឹកនុយក្លេអ៊ែរ និងនាវិកជាច្រើនរូប នៅក្នុងទិវាកងទ័ពជើងទឹកប្រចាំឆ្នាំរបស់ប្រទេសរុស្ស៊ី ដែលធ្វើឡើងនៅឈូងសមុទ្រហ្វាំងឡង់ និងនៅលើដងទន្លេណាវ៉ា ក្នុងទីក្រុង St Petersburg កាលពីថ្ងៃទី៣០ ខែកក្កដានេះ។
ដោយមិនមានការលើកឡើងពីជម្លោះនៅអ៊ុយក្រែននៅក្នុងសន្ទរកថារបស់ខ្លួន លោក ពូទីន បានសាទរពីភាពក្លាហានរបស់ក្រុមនាវិកនាវាចម្បាំង និងនាវាមុជទឹកនុយក្លេអ៊េរ។ លោក ពូទីន បន្តថា ក្នុងនាមជាជនជាតិរុស្ស៊ី ទាហានជើងទឹករបស់យើងបានបង្ហាញពីវីរភាពពិត និងការប្រយុទ្ធដោយក្លាហាន ដូចបុព្វបុរសដ៏អស្ចារ្យរបស់ពួកយើង។
លោក ពូទីន បន្ថែមថា សព្វថ្ងៃនេះ រុស្ស៊ីកំពុងអនុវត្តដោយទំនុកចិត្តនូវធាតុសំខាន់ៗ នៃគោលនយោបាយដែនសមុទ្រជាតិរបស់ខ្លួន ហើយកំពុងពង្រឹងអំណាចដល់កងទ័ពជើងទឹកឱ្យបានជាប់លាប់។ បើតាមវិមានក្រឹមឡាំង នាវាចម្បាំង, កូនទូកប្រយុទ្ធ និងនាវាមុជទឹកនុយក្លេអ៊ែរសរុប ៤៥គ្រឿង បានចូលរួមក្នុងក្បួនដង្ហែជាមួយនឹងកងទ័ពជើងទឹកប្រហែល ៣,០០០នាក់៕