ភ្នំពេញៈ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Jacques PETTET ឯកអគ្គរដ្ឋទូតបារាំង និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ ជាបន្តបន្ទាប់ក្នុងអាណត្តិបេសសកម្មការទូតនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះដែរ សម្តេចក្រឡាហោម ក៏សូមសម្តែងនូវអំណរអរគុណចំពោះសាធារណរដ្ឋបារាំង និងសហព័ន្ធអាល្លឺម៉ងដែលតែងជួយគាំទ្រ ក៏ដូចជាពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា-បារាំង និងកម្ពុជា-អាល្លឺម៉ង យ៉ាងល្អប្រសើរក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក។ 

ក្នុងនោះដែរ ចំពោះកិច្ចសហការជាមួយក្រសួងមហាផ្ទៃ បារាំង ក៏ដូចជាអាល្លឺម៉ង ក៏មានកិច្ចសហប្រតិបត្តិការល្អប្រសើរផងដែរ ជាពិសេសលើការគាំទ្រការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបារាំង បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោមសម្រាប់ការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនាព្រឹកនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា ជាការពិតណាស់ បារាំង និងសហព័ន្ធអាល្លឺម៉ង គឺជាដៃគូរសហការជាមួយព្រះរាជាណាចក្រកម្ពុជាយ៉ាងជិតស្និត ដែលបានជួយគាំទ្រដល់កម្ពុជាលើវិស័យនានាប្រមាណជា ជាង៣០ឆ្នាំមកហើយ។

ក្នុងជំនួបនេះដែរ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង និងឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងនូវកិច្ចការសំខាន់ៗចំនួន៣ ដែលមានដូចជា ទី១. ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាពេលខាងមុខ, ទី២. ការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល របស់បារាំង និងអាល្លឺម៉ង ក្នុងដំណើរការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា  និងទី៣.ដំណើរការកសាងក្របខណ្ឌគតិយុត្តស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាង ភាគីកម្ពុជា-បារាំង និងកម្ពុជា-អាល្លឺម៉ង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ