រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា៖ ស្ថិតក្នុងដំណាក់កាល នៃការរីកចម្រើន និងអភិវឌ្ឍន៍តំបន់អាស៊ាន បញ្ហាប្រឈមផ្សេងៗកើតឡើងជាបន្តបន្ទាប់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងឱ្យដឹងថា ស្ថិតនៅក្នុងដំណាក់កាល នៃការរីកចម្រើននិងអភិវឌ្ឍន៍នៃតំបន់អាស៊ាន បញ្ហាប្រឈមផ្សេងៗកើតឡើងជាបន្តបន្ទាប់ រួមមាន ៖ បញ្ហាភូមិសាស្ត្រនយោបាយ បញ្ហាសុខភាពសាធារណៈ និងបញ្ហាសង្គម-សេដ្ឋកិច្ច ផងដែរ។
កិច្ចប្រជុំឆ្នាំលើកទី៥ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន (ASCN) តាមប្រព័ន្ធ Video Conference សម្ដេច ស ខេង បានរំលឹកឡើងវិញអំពីដំណើរការរបស់អាស៊ាន ដែលរហូតមកដល់ពេលនេះ មានរយៈពេល ៥៥ឆ្នាំហើយ ដោយបានដំណើរការដោយឈរលើស្មារតីស្នូល «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍តែមួយ»។
សម្ដេច បន្ដថា សន្តិភាព និងស្ថេរភាពដែលអាស៊ានទទួលបានអស់រយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក បានធ្វើឱ្យអាស៊ានក្លាយជាតំបន់មានការរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសម្រេចបាននូវកំណើន និងការអភិវឌ្ឍខ្ពស់ ដោយបានរួមចំណែកកែលម្អជាលំដាប់នូវសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ អាស៊ានក៏ទទួលបានការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ក្នុងការពង្រឹង និងពង្រីក កិច្ចសហការជាដៃគូរប្រកបដោយសក្តានុពល និងគ្រប់ជ្រុងជ្រោយផងដែរ។
សម្ដេច បញ្ជាក់ថា «ស្ថិតនៅក្នុងដំណាក់កាល នៃការរីកចម្រើននិងអភិវឌ្ឍន៍នៃតំបន់អាស៊ាន បញ្ហាប្រឈមផ្សេងៗបានកើតឡើងជាបន្តបន្ទាប់ រួមមាន បញ្ហាភូមិសាស្ត្រនយោបាយ បញ្ហាសុខភាពសាធារណៈ និងបញ្ហាសង្គម សេដ្ឋកិច្ចផងដែរ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជាបានកំណត់មូលបទ អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ប្រឹងប្រែងរួមគ្នា ដើម្បីអាចដោះស្រាយបញ្ហាទាំងនោះបានប្រកបដោយប្រសិទ្ធភាព»។
លើសពីនេះ សម្ដេច ស ខេង លើកឡើងថា ទោះបីអាស៊ាន ត្រូវឆ្លងកាត់វិបត្តិកូវីដ-១៩ ជាសកលក៏ដោយ ក្នុងឆ្នាំនេះអាស៊ាន បានសម្រេចសមិទ្ធផលធំៗមួយចំនួន ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ហើយយើងក៏បានធ្វើការយ៉ាងស្វិតស្វាញក្នុងការបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) និងនាពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៥ ដោយបានស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមទាំង ផ្នែកភូមិសាស្ត្រនយោបាយ និងបញ្ហាសង្គម សេដ្ឋកិច្ចដែលកំពុងកើតមាន៕EB