នៅទីបំផុត! អ្នកនាំពាក្យអយ្យការ ប្រកាសផ្លូវការអំពីការដោះលែងនគរបាលដែលបាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន ឲ្យមានសេរីភាព
(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការដោះលែងមន្ដ្រីនគរបាលឈ្មោះ ភឿន ភិរៈ ឲ្យមានសេរីភាពឡើងវិញ ពាក់ព័ន្ធការផ្ទុះអាវុធបណ្ដាលឲ្យជនញៀនថ្នាំម្នាក់ស្លាប់ ដើម្បីការពារខ្លួន។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលសំណុំរឿងពី មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងឈ្មោះ ភឿង ភិរៈ បានបាញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ នៅចំណុចខាងមុខធនាគារ ABA មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
ក្រោយពីបានសាកសួរលើឈ្មោះ សឿង ភិរៈ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញាបានដោះលែងឈ្មោះភឿង ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត។
គួរជម្រាបថា មន្ដ្រីនគរបាលដែលបាញ់ជនបែកថ្នាំម្នាក់ ដើម្បីការពារខ្លួនពីការចាក់ប្រហារនោះ ត្រូវបានគេស្គាល់មានឈ្មោះ ភឿន ភិរៈ អាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើប ទៅបម្រើការងារជាសន្ដិសុខយាមធនាគារ ABA ដែលជាកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមេសា។