TikTok ដាក់ពាក្យប្តឹងអភិបាលរដ្ឋម៉ុនតាណាពីបទរំលោភសិទ្ធិអ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិក
អាមេរិក ៖ កាលពីពេលថ្មីៗនេះ អភិបាលរដ្ឋម៉ុនតាណា (Montana) លោក Greg Gianfort បានចុះហត្ថលេខាលើច្បាប់ហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅក្នុងរដ្ឋនេះ និងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៣។
ការហាមឃាត់នេះ បានធ្វើឱ្យរដ្ឋម៉ុនតាណាក្លាយជារដ្ឋដំបូងគេនៅអាមេរិក ដែលហាមឃាត់ការប្រើប្រាស់ TikTok ។ កន្លងមក រដ្ឋាភិបាលកណ្តាល និងបណ្តារដ្ឋនានានៅអាមេរិក ក៏ធ្លាប់បានប្រកាសហាមដោនឡូតកម្មវិធី TikTok នៅក្នុងឧបករណ៍ប្រើប្រាស់របស់ភ្នាក់ងាររដ្ឋាភិបាលផងដែរ ។
ជាការឆ្លើយតប TikTok បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ខ្លួនបានដាក់ពាក្យប្តឹងរដ្ឋម៉ុនតាណានៅសហរដ្ឋអាមេរិក ដើម្បីឱ្យរដ្ឋនេះលុបចោលច្បាប់ហាមឃាត់ការប្រើប្រាស់ TikTok ដោយបញ្ជាក់ថា ការហាមឃាត់នេះ គឺជាការរំលោភលើសិទ្ធិជាមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ និងជាការបិទសេរីភាពក្នុងការបញ្ចេញមតិផងដែរ ។ ដូច្នេះ ការប្តឹងលើកនេះ គឺជាការការពារអាជីវកម្មរបស់ក្រុមហ៊ុន និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់កម្មវិធី TikTok នៅរដ្ឋម៉ុនតាណា ។
គួរបញ្ជាក់ថា រដ្ឋម៉ុនតាណាបានចេញច្បាប់ហាមប្រើប្រាស់កម្មវិធីនេះ ដោយសារបារម្ភថា ទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់នឹងធ្លាក់ទៅក្នុងដៃរបស់រដ្ឋាភិបាលចិន ខណៈក្រុមហ៊ុនធំរបស់ TikTok មានស្នាក់ធំនៅប្រទេសចិន ហើយវាអាចគំរាមកំហែងដល់សន្តិសុខអាមេរិកផងដែរ ។ ទោះយ៉ាងណា TikTok បានចេញមកបដិសេធការចោទប្រកាន់ទាំងអស់ ព្រមទាំងបញ្ជាក់ថា ទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់មានសុវត្ថិភាព ហើយរដ្ឋាភិបាលចិនគ្មានផ្លូវអាចយកទិន្នន័យរបស់អ្នកប្រើប្រាស់បានទេ ។
បច្ចុប្បន្ន មានពលរដ្ឋអាមេរិកប្រើប្រាស់កម្មវិធី TikTok ជាង១៥០លាននាក់ ហើយចំនួនអ្នកប្រើប្រាស់កម្មវិធីនេះបានកើនឡើងជាបន្តបន្ទាប់ ខណៈ TikTok គឺជាកម្មវិធីមួយទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងក្រុមមនុស្សអាយុ២០ឆ្នាំ ៕