ក្រុមហ៊ុន អេបផល ដើរចេញពីចិនបណ្តើរៗ ទៅផលិតទូរស័ព្ទស៊េរីថ្មីនៅឥណ្ឌាវិញ
អន្តរជាតិ៖ក្រុមហ៊ុនអេបផល(Apple) បានប្រកាសថាបានចាប់ផ្តើមផលិតទូរស័ព្ទ iPhone 14 ដែលជាផលិតផលស៊េរីថ្មីចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ កំពុងរុះរើផលិតកម្មរបស់ខ្លួនមួយចំនួន ចេញពីប្រទេសចិន។
ការផលិតទូរស័ព្ទភាគច្រើនរបស់ក្រុមហ៊ុន Apple ធ្វើឡើងនៅក្នុងប្រទេសចិន។ ក៏ប៉ុន្តែ ក្រុមហ៊ុនបានកាត់បន្ថយការពឹងផ្អែកច្រើនពេកលើចិនដោយងាកទៅរកគោលដៅថ្មីនៅជួនចំពេលដែលភាពតានតឹងកើនឡើងខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោននិងប៉េកាំង។
ក្រុមហ៊ុនAppleបានបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ និងសមត្ថភាពសុវត្ថិភាពសំខាន់ៗរបស់ទូរសព្ទ iPhone14 ដែលជាផលិតផលថ្មីចុងក្រោយបំផុតរបស់ខ្លួនកាលពីដើមខែនេះ។ Apple ថាក្រុមហ៊ុនខ្លួនពិតជារំភើបមែនទែនក្នុងការផលិតទូរសព្ទ iPhone14 នៅក្នុងប្រទេសឥណ្ឌា។
ក្រុមអ្នកវិភាគនៅធនាគារវិនិយោគពហុជាតិអាមេរិក J.P.Morgan ប៉ាន់ស្មានថា ក្រុមហ៊ុន Apple នឹងផ្លាស់ទីប្រមាណ ៥% នៃផលិតកម្មទូរសព្ទ iPhone 14 ចាប់ពីចុងឆ្នាំ ២០២២ ទៅកាន់ទឹកដីឥណ្ឌាដែលជាទីផ្សារទូរសព្ទឆ្លាតវៃធំទីពីររបស់ពិភពលោកបន្ទាប់ពីចិន។
ក្រុមអ្នកវិភាគដដែល បានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple អាចនឹងផលិតទូរសព្ទ iPhone ចំនួន ២៥ភាគរយ ក្នុងប្រទេសឥណ្ឌានៅឆ្នាំ ២០២៥៕