អន្តរជាតិ៖ សភារបស់សហរដ្ឋអាមេរិក បានអនុម័តការចំណាយរបស់រដ្ឋាភិបាល នៃប្រទេសមហាអំណាចកំពូល នៅលើលោក ទាំងសេដ្ឋកិច្ច និង យោធា សម្រាប់ឆ្នាំ២០២៣ កើន១,៧ពាន់ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៦ ធ្នូ ២០២២។

សភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានអនុម័តកញ្ចប់ចំណាយដ៏មហិមា កើនដល់១,៧ពាន់ពាន់លានដុល្លារ (($1.7Trillion= $1 700 000 000 000)។ កញ្ចប់លុយដ៏មហាសាលនេះ អាចអនុញ្ញាតដល់រដ្ឋាភិបាល ផ្ដល់មូលនិធិដល់ទីភ្នាក់ងារសំខាន់ទាំង សម្រាប់ប្រតិបត្ដិការ និងផ្ដល់ជំនួយបន្ទាន់ សម្រាប់ប្រទេសអ៊ុយក្រែន និង ការដោះស្រាយបញ្ហាគ្រោះមហន្ដរាយបង្កឡើង ដោយធម្មជាតិផងដែរ។ ការអនុម័តកញ្ចប់ថវិកានេះ នឹងបន្ដបញ្ជូនទៅជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ដើម្បីចុះហត្ថលេខា ឲ្យក្លាយជាច្បាប់។

ការអនុម័តលើការចំណាយដ៏ធំ សម្រាប់ឆ្នាំសារពើពន្ធ២០២៣ ពីសភាសហរដ្ឋអាមេរិកនោះ រួមមាន ទឹកប្រាក់ទំហំ៧៧២,៥ពាន់លានដុល្លារ សម្រាប់កម្មវិធីចាយវាយ នៅក្នុងប្រទេស ដែលមិនមែនផ្ដោតលើវិស័យការពារជាតិ និង ៨៥៨ពាន់លានដុល្លារ ជាមូលនិធិ សម្រាប់វិស័យការពារជាតិ។

គួរបញ្ជាក់ផងដែរថា កញ្ចប់ថវិកាទាំងនេះ ក៏រាប់បញ្ចូលទាំងជំនួយសង្គ្រោះបន្ទាន់ ប្រហែល៤៥ពាន់លានដុល្លារ ជួយដល់អ៊ុយក្រែន និង សម្ពន្ធមិត្តណាតូ ហើយប្រហែល៤០ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ មានដូចជា ខ្យល់ព្យុះ ភ្លើងឆេះព្រៃ និង ទឹកជំនន់ …ជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ