អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារនេះថាក្រុមហ៊ុន Apple Inc (AAPL.O) ទំនងជានឹងកាត់បន្ថយការផលិតទូរស័ព្ទ iPhone 13 របស់ខ្លួនរហូតដល់ ១០ លានគ្រឿងដោយសារកង្វះបន្ទះឈីបពិភពលោក។

ប្រភពដដែលបានអោយដឹងទៀតថា ក្រុមហ៊ុន Apple បានបញ្ជាឱ្យអ្នកផ្គត់ផ្គង់របស់ខ្លួនផលិត iPhone 13 ឱ្យបានជាង ៩០លានគ្រឿងដើម្បីទុកបម្រុងលក់នៅចុងឆ្នាំ២០២១នេះ ខណ:ដែលរាងរាល់ឆ្នាំ Apple បានត្រៀម iPhone ថ្មីត្រឹមតែ ៧៥លានគ្រឿងប៉ុណ្ណោះ។ 

កាលពីខែកក្កដាកន្លងទៅ ក្រុមហ៊ុន Apple បានព្យាករណ៍ថា ប្រាក់ចំណូលនៅត្រីមាសចុងឆ្នាំ២០២១ អាចនឹងកើនឡើងយឺតដោយសារតែបញ្ហាកង្វះខាតឈីបជាសកល ដែលជះឥទ្ធិពលដល់សង្វាក់ផលិតកម្ម iPhone, iPad និង Mac។

យ៉ាងណាមិញ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ១,២% នៅក្នុងការជួញដូរបន្ទាប់ពីម៉ោងធ្វើការខណៈដែល Texas Instruments និង Broadcom ទាំងពីរធ្លាក់ចុះប្រហែល ១% ។

គួរបញ្ជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ឈីបឱ្យ Apple បានជួបបញ្ហាក្នុងការផលិត ដូច្នេះហើយទើបធ្វើឱ្យសង្វាក់ផលិតកម្ម iPhone 13 ទាំងមូលត្រូវជួបបញ្ហាដែរ ហើយវាក៏ជាមូលហេតុមួយដែលនាំឱ្យ Apple សម្រេចកាត់បន្ថយការផលិត iPhone 13 រហូតដល់ ១០លានគ្រឿង។ 

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple នៅមិនទាន់បញ្ជាក់លំអិតពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះនៅឡើយទេ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ