ជប៉ុនកំពុងត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំងផ្សេងទៀត បន្ទាប់ពីទឹកជំនន់ចាប់តាំងពីចុងសប្តាហ៍បានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣៧ នាក់បានស្លាប់។ បុគ្គលិកជួយសង្គ្រោះជាង ៤០,០០០នាក់ នៅភាគនិរតីកំពុងបន្ដស្វែងរកអ្នកនៅរស់រាននៅឡើយនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យបាក់ដី និងទន្លេបាក់ច្រាំងកាលពីថ្ងៃសៅរ៍។ ក្នុងនោះផងដែរមានមនុស្សចំនួន ១៣នាក់ កំពុងបាត់ខ្លួន ហើយមនុស្សចំនួន ៨០០នាក់ ត្រូវបានជួយសង្គ្រោះ។

ទឹកភ្លៀងកម្រិត ៣០សង់ទីម៉ែត្រ ត្រូវបានរំពឹងថានឹងកើតឡើងក្នុងរយៈពេល ២ថ្ងៃខាងមុខ។ កាពិតទៅវាជារឿងធម្មតាសម្រាប់ប្រទេសជប៉ុនខាងលិចដែលទទួលរងនូវភ្លៀងធ្លាក់ខ្លាំងក្នុងរដូវមូសុង ប៉ុន្តែរយៈពេលពីរថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់ខ្លាំងគួរឱ្យកត់សម្គាល់នៅលើកោះ Kyushu ។ អាណាខេត្ត Kumamoto និង Kagoshima បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបង្អស់ ដោយប្រជាជនរាប់សែននាក់ត្រូវបានគេជម្លៀសចេញ។

ទោះយ៉ាងណាមជ្ឈមណ្ឌលជម្លៀសកំពុងដំណើរការនៅកម្រិតទាប ដោយសារតែហានិភ័យនៃការឆ្លងជំងឺ COVID-19 ដោយមន្រ្តីនាយកដ្ឋានពន្លត់អគ្គីភ័យលោក Toshihiko Nakamura បានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្យូដូថា ពួកគេបានបញ្ជូនជនភៀសខ្លួនមួយចំនួនទៅកាន់មជ្ឈមណ្ឌលមួយផ្សេងៗទៀត ដោយសារតែច្បាប់នៃការរក្សាគម្លាត។ អ្នកខ្លះទៀតសុខចិត្តយករថយន្តរបស់ពួកគេធ្វើជាជម្រក ដោយមិនស្នាក់នៅតាមជម្រកបណ្ដោះអាសន្ននោះទេ។

អាជ្ញាធរជប៉ុនបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបែបនេះគឺមិនធ្លាប់មាននោះទេសម្រាប់តំបន់ទាំងនេះ ពោលគឺវាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុន ចាប់តាំងពីព្យុះទីហ្វុង Hagibis បានវាយប្រហារកាលពីខែតុលា ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សប្រហែល ៩០ នាក់៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ