ចិនសរសើរគោលនយោបាយការបរទេសឯករាជ្យរបស់បារាំង ខណៈដែលមេដឹកនាំទាំងពីរបានជួបគ្នានៅទីក្រុងប៉ារីស
ប៉ារីស៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ប្រាប់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ថា ប្រទេសចិនកោតសរសើរចំពោះជំហរឯករាជ្យរបស់ប្រទេសបារាំង ខណៈដែលអ្នកទាំងពីរបានជួបគ្នានៅទីក្រុងប៉ារីស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២១ កុម្ភ: ២០២៣។
ក្រសួងការបរទេសចិនបានឱ្យដឹងថា លោក វ៉ាង បានប្រាប់លោក ម៉ាក្រុង ថា ចិនកោតសរសើរចំពោះការប្រកាន់ខ្ជាប់របស់បារាំង ចំពោះគោលនយោបាយការបរទេសឯករាជ្យ។ លោក វ៉ាង បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែពង្រឹងការសម្របសម្រួលជាយុទ្ធសាស្រ្ត, ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត និងរួមចំណែកលើកកម្ពស់សន្តិភាព និងស្ថិរភាពពិភពលោក។
ទន្ទឹមគ្នា លោក វ៉ាង ក៏សង្ឃឹមដែរថា បារាំងនឹងបន្តដើរតួនាទីស្ថាបនា ក្នុងការអភិវឌ្ឍប្រកបដោយសុខាមាលភាព និងស្ថិរភាពនៃទំនាក់ទំនងរវាងចិន និងអឺរ៉ុប។ ការិយាល័យប្រធានាធិបតីបារាំងបានបញ្ជាក់ថា លោក ម៉ាក្រុង ថ្លែងថា ការពិភាក្សាជាមួយលោក វ៉ាង ផ្តោតសំខាន់លើការបង្កើនការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងវិស័យកសិកម្ម និងអាកាសចរណ៍។
លោក ម៉ាក្រុង បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ ដែលចិនអាចធ្វើបាន ក្នុងការបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលភាគីចិនតបថា ខ្លួនជាភាគីអព្យាក្រឹតក្នុងជម្លោះនេះ។
គួរបញ្ជាក់ថា បារាំងបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់ចិននៅក្នុងសហភាពអឺរ៉ុប ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសរុបចំនួន ៧៨.៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ចិនក៏បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់បារាំងនៅអាស៊ីផងដែរ។ តួយ៉ាង ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៣ ការវិនិយោគរបស់បារាំងនៅក្នុងប្រទេសចិន បានកើនឡើង ១០៥.៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕RT