បរទេស៖ ខ្សែប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid ត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមដែលមានសមាជិក២៦នាក់របស់ក្រុមជម្រើសជាតិបារាំង សម្រាប់ព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯកអឺរ៉ុប នារដូវក្តៅនេះ ក្រោយពីអវត្តមានអស់រយៈពេលជិត៦ឆ្នាំ។ រូបគេមិនធ្លាប់បានលេងឲ្យប្រទេសរបស់គេសោះ បើគិតចាប់តាំងពីឆ្នាំ២០១៥ ដោយសារតែការជាប់ទាក់ទិន្នរបស់គេក្នុងករណីគំរាមគំហែងទារប្រាក់ ទៅលើអតីតមិត្តរួមក្រុមជម្រើសជាតិបារាំងរបស់គេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានDaily Mail

Benzema វ័យ៣៣ឆ្នាំ បានអវត្តមានក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ របស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង និង World Cup ឆ្នាំ២០១៨ ដោយសារតែការចោទប្រកាន់ទាំងនោះ។ កីឡាកររូបនេះ ត្រូវបានគេចោទប្រកាន់ថា បានចូលរួមក្នុងការជំរិតទារប្រាក់ពីខ្សែបម្រើ Mathieu Valbuena វ័យ៣៦ឆ្នាំ តាមរយៈការគំរាមបញ្ចេញវីដេអូស៊កជាសាធារណៈ ក្នុងឆ្នាំ២០១៥ ប៉ុន្តែ ខ្សែប្រយុទ្ធរូបនេះ បានរក្សាការតវ៉ាថា មន្ត្រីប៉ូលិសម្នាក់ បានប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ ដើម្បីទាញរូបគេឲ្យធ្លាក់ចូលក្នុងស្ថានភាពនេះ។ ក្រោយពីបានបញ្ជាក់ថា Benzema ពិតជាស្ថិតក្នុងក្នុងក្រុមរបស់ខ្លួន លោក Didier Deschamps គ្រូបង្វឹកនៃក្រុមជម្រើសជាតិបារាំង បាននិយាយថា៖ «រឿងដ៏សំខាន់បំផុត គឺការគិតពីបច្ចុប្បន្ន និងទៅអនាគត»។

គួររម្លឹកថា Benzema បានស៊ុតបាល់បញ្ចូលទី២៧គ្រាប់ ក្នុងការបង្ហាញខ្លួន៨១លើកសម្រាប់ក្រុមជម្រើសជាតិបារាំង ក្នុងនោះរាប់បញ្ចូលទាំងការស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងការបង្ហាញខ្លួនជាលើកចុងក្រោយរបស់គេ សម្រាប់ក្រុមជម្រើសជាតិ អំឡុងពេលបារាំង បានយកឈ្នះលើក្រុមអាមេនី ៤-០ ក្នុការប្រកួតមិត្តភាពផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ