សម្ដេច ស ខេង ប្រាប់UN ថា ពួកឧក្រិដ្ឋជន យកកម្ពុជា ជាទីកន្លែង ដើម្បីធ្វើការឆបោកប្រព្រឹត្តអំពើជួញដូរមនុស្ស
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់អ្នករាយការណ៍ពិសេស UN ថា កម្ពុជា ជាប្រទេស រងគ្រោះដោយសារអំពើជួញដូរមនុស្ស ដោយហេតុថា ពួកឧក្រិដ្ឋជន យកកម្ពុជា ជាទីកន្លែងដើម្បីធ្វើការឆបោកប្រព្រឹត្តអំពើជួញដូររត់ពន្ធមនុស្សនេះផងដែរ។
នាឱកាសអនុញ្ញាតជូន លោក វិធិត ម៉ាន់តាផន អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៤ សីហា សម្ដេច ស ខេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដូចជា ក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្តក្នុងការចាត់វិធានការជាបន្តបន្ទាប់ ហើយបានបង្ក្រាបក៏ដូចជាជួយសង្គ្រោះជនរងគ្រោះបានអស់ជាច្រើននាក់នៅក្នុងរយៈពេលកន្លងមក និងក៏បានបន្តធ្វើកិច្ចការនេះជាប្រចាំផងដែរ។
សម្ដេច បញ្ជាក់ថា «កម្ពុជាក៏ជាប្រទេស ដែលរងគ្រោះដោយសារអំពើទាំងនេះ ដោយហេតុថា ពួកឧក្រិដ្ឋជន បានឆ្លៀតការកេងចំណេញទៅលើចំណុចខ្សោយមួយចំនួន ហើយយកកម្ពុជា ជាកន្លែងដើម្បីធ្វើការឆបោកប្រព្រឹត្តអំពើជួញដូររត់ពន្ធ មនុស្សនេះ»។
សម្ដេច បានឲ្យដឹងថា នាពេលឆាប់ៗនេះ សម្ដេច នឹងបន្តដឹកនាំដើម្បីដាក់ចេញផែនការតស៊ូបង្ក្រាប និងប្រយុទ្ធប្រឆាំងបទល្មើសនេះ ព្រមទាំងដើម្បីកៀរគរការចូលរួមចំណែកផ្តល់កិច្ចសហការពីបណ្ដាភាគីពាក់ព័ន្ធឈានទៅបង្ក្រាបមេខ្លោងប្រព្រឹត្តបទល្មើសនេះយកមកផ្ដន្ទាទោសតាមច្បាប់។
ឆ្លៀតឱកាសនោះដែរ សម្ដេច ស ខេង ក៏បានលើកឡើងថា ទន្ទឹមនោះក្រសួងមហាផ្ទៃ ក៏កំពុងសហការជាមួយនឹងក្រសួងយុត្តិធម៌ ដើម្បីអនុវត្តនូវវិធានការមួយចំនួនដូចជា ការដោះលែងក្រោមលក្ខខណ្ឌ និងការតាមដានរបស់តុលាការ និងមួយទៀត គឺការសិក្សា ទៅលើការអនុវត្តនូវយន្ដការទោសសហគមន៍ជំនួសឲ្យការឃុំឃាំង ដោយ កិច្ចការទាំងនេះត្រូវតែអនុវត្តដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាដល់ប្រសិទ្ធភាពយន្ដការ ក៏ដូចជារួមចំណែកកាត់បន្ថយនូវភាពមិនចង្អៀត ណែនក្នុងពន្ធនាគារផង៕