ក្រុមឃ្លាំមើលសិទ្ធិមនុស្ស៖ រុស្ស៊ីបញ្ជូនទាហានស៊ីឈ្នួលប្រមាណ ២.០០០នាក់មកពីស៊ីរីទៅប្រយុទ្ធ នៅអ៊ុយក្រែន
ម៉ូស្គូ៖ ក្រុមឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា រុស្ស៊ីបានបញ្ជូនទាហានស៊ីឈ្នួលប្រហែល ២,០០០នាក់មកពីប្រទេសស៊ីរីទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជំរុញការឈ្លានពានរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
ចំណែកក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី ក៏បានបញ្ជាក់ដែរថា ទាហានស៊ីឈ្នួលត្រូវបានគេជឿជាក់ថា កំពុងធ្វើការគាំទ្រផ្នែកភស្តុភារ និងបេសកកម្មផ្សេងទៀត នៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។ ក្រុមនេះបន្ថែមថា គិតត្រឹមខែមុន មនុស្សប្រហែល ៥០.០០០នាក់នៅស៊ីរីបានចុះហត្ថលេខាក្នុងការប្រយុទ្ធដើម្បីរុស្ស៊ី។
ការចុះឈ្មោះបែបនេះ បាននិងកំពុងធ្វើឡើងនៅក្នុងតំបន់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ ដែលគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី។ អ្នកជ្រើសរើសមនុស្សនៅភាគខាងជើងនៃទីក្រុងអាឡេប៉ូ ត្រូវបានគេរាយការណ៍ថា បានប្រាប់ប្រជាជនថា ពួកគេអាចរកប្រាក់បាន ៣,០០០ដុល្លារក្នុងមួយខែ ហើយអាចទទួលបានសញ្ជាតិរុស្ស៊ី ប្រសិនបើពួកគេចុះឈ្មោះ៕