បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងថា សម័យសន្តិភាព មានខ្មាំងសត្រូវច្រើនជាងសម័យមានសង្រ្គាម ដូច្នេះនាំគ្នាប្រយុទ្ធឱ្យឈ្នះ ទើបប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើទៅមុខទៀត។

ការថ្លែងរបស់ សម្តេចក្រឡាហោម ស ខេង បែបនេះក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារអន្ទេវាសិកដ្ឋាន ទីចាត់ការ បណ្ណាល័យ និងសមិទ្ធផលនានា នៃវិទ្យាល័យសម្រេចក្រឡាហោម ស ខេង តាគ្រាម ស្ថិតនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ។

សម្តេច ស ខេង បានបង្ហាញថា «ខ្មាំងសត្រូវទាំង ៣នោះគឺ ទី១ ភាពល្ងង់ខ្លៅ ភាពល្ងង់ខ្លៅនេះគឺយើងមិនអាចធ្វើអ្វីកើត ចង់អានអក្សរ ឬចង់ដឹងនិងតាមដានព័ត៌មានអ្វីមិនកើតបានតែស្តាប់ តែចង់អភិវឌ្ឍន៍អ្វីផ្សេងទៀតក៏មិនបានដែរ ភាពល្ងង់ខ្លៅនេះធ្វើឱ្យយើងរួញ មិនអាចទៅមុខបាន ហើយជីវភាពគ្រួសារមិនមានការរីកចម្រើន នេះគឺជាសត្រូវទី១»។

សម្ដេច បន្ដថា «រីឯសត្រូវទី២ នោះគឺភាពក្រក្រី ដើម្បីបំបាត់ភាពក្រីក្របាន គឺត្រូវតែខំរៀនឱ្យមានចំណេះដឹង មានភាពឧស្សាហ៍ ព្យាយាមបំផុត»។

សម្ដេច បន្ថែមថា «ដោយឡែកខ្មាំងសត្រូវទី៣ គឺត្រូវចាត់ទុកខ្លួនឯងជាខ្មាំងសត្រូវ ហើយត្រូវគិតថាខ្លួនឯងចង់ប្រឆាំងគេឱ្យឈ្នះ ចង់វៃគេឱ្យដួល ត្រូវឈ្នះចិត្តខ្លួនឯងជាមុនសិន មានន័យថាត្រូវឈ្នះចិត្តឆេវឆាវ ចិត្តស្មោកគ្រោក ចិត្តអំនួតអួតអាង មានមោទនភាពខ្លួនឯងពេក មើលងាយមើលថោកអ្នកដទៃ នោះហើយគឺជាខ្មាំងសត្រូវទី៣ ដែលខ្មាំងសត្រូវទាំង៣នេះហើយ ដែលយើងទាំងអស់គ្នាត្រូវធ្វើការប្រយុទ្ធឱ្យឈ្នះ ទើបសង្គមជាតិកាន់តែមានការរីកចម្រើនតទៅមុខទៀត»។

លើសពីនេះ សម្តេច ស ខេង ក៏បានធ្វើការណែនាំដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹង និងមានធនធានមនុស្សគ្រប់គ្រាន់ទើបខ្លួនឯង គ្រួសារ និងប្រទេសជាតិ មានការរីកចម្រើន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ