ក្រុងឡុងដ៍៖ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Rishi Sunak គ្រោងនឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេសក្រោយពីបេក្ខជនផ្សេងទៀតបានបោះបង់ការប្រកួតប្រជែង ដើម្បីដឹកនាំគណបក្សអភិរក្ស ស្របពេលប្រឈមនឹងកិច្ចការដ៏ធំក្នុងការរក្សាស្ថិរភាពបក្ស និងប្រទេសនៅពេលមានវិបត្តិផ្នែកសេដ្ឋកិច្ច និងនយោបាយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ តុលា ២០២២។
លោក Sunak នឹងក្លាយជាមេដឹកនាំដែលមានដើមកំណើតមកពីឥណ្ឌាដំបូងគេរបស់ចក្រភពអង់គ្លេស ហើយជាមេដឹកនាំទី៣របស់ប្រទេសនៅឆ្នាំនេះ។
គួរបញ្ជាក់ថា លោកនឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីពីលោកស្រី Liz Truss ដែលបានលាលែងពីតំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីមានភាពច្របូកច្របល់ក្នុងតំណែងរយៈពេល 45 ថ្ងៃ ដោយបន្សល់ទុកនូវវិបត្តិផ្នែកសេដ្ឋកិច្ច និងនយោបាយ៕RT