ចិន៖ លោកស្រីលីយូ អាយហួរ អ្នកនាំពាក្យរបស់នាយកដ្ឋានស្ថិតិជាតិបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា នៅថ្ងៃសុក្រ ទី១៦មេសា ប្រទេសចិនបានប្រកាសពីការមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ត្រដែតសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២១ ពោលមាន ១៨,៣%។ ការងើបឡើងវិញនឹងបន្តមានពេញមួយត្រីមាសទីមួយ។ 

លោកស្រីបានបញ្ជាក់បន្ថែមថា គេត្រូវពង្រឹងបន្ថែមលើមូលដ្ឋានគ្រឹះដែលបានអនុញ្ញាតឲ្យមានសន្ទុះកំណើនសេដ្ឋកិច្ចឡើងវិញ និងបានលើកឡើងពីភាពស្រពិចស្រពិលដែលកំពុងបន្តគ្របដណ្តប់ពិភពលោកដោយជំងឺឆ្លងកូវីដ១៩។

យ៉ាងណាមិញ ១៨,៣% ជាអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ដែលចិនមិនធ្លាប់ទទួលបានប្រចាំត្រីមាស និងជាសន្ទុះដែលមានល្បឿនលឿនមិនធ្លាប់មានគិតតាំងពីចិនបានចាប់ផ្តើមផ្សព្វផ្សាយនូវតួលេខផលិតផលសរុបក្នុងស្រុកប្រចាំត្រីមាសកាលពីឆ្នាំ ១៩៩២។ នេះពិតជាដំណឹងល្អមួយសម្រាប់ចិន ខណៈដែលស្ថានភាពសេដ្ឋកិច្ចសកលកំពុងបន្តត្រដាបត្រដួសដោយវិបត្តិកូវីដ១៩។ 

គួរបញ្ជាក់ថា ចិនហាក់កំពុងងើបផុតពីរណ្តៅកូវីដ១៩ រដ្ឋាភិបាលក្រុងប៉េកាំងបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចយ៉ាងតិច ៦% ក្នុងឆ្នាំ ២០២១ នេះ។ គឺជាអត្រាមួយដែលនៅទាប បើធៀបនឹងការព្យាកររបស់ក្រុមសេដ្ឋវិទូមួយចំនួន។ សម្រាប់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងលោកមួយនេះអាចទទួលបានកំណើនសេដ្ឋកិច្ចចំនួន ៨,៤% សម្រាប់ឆ្នាំ ២០២១៕

គួររម្លឹកថា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ចចិនបានដាំក្បាលចុះ ៦,៨% ក្រោមសូន្យ ឬនិយាយឲ្យស្រួលយល់ ចិនមានកំណើនសេដ្ឋកិច្ចអវិជ្ជមាន ៦,៨% នៅត្រីមាសទី១ ឆ្នាំ ២០២០ ដែលជាអត្រាអាក្រក់ខ្លាំងគិតតាំងពី ៤៤ឆ្នាំកន្លងទៅ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ