កុមារក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស ប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត
រ៉ាហ្វា៖ នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទី្រប ក្នុងទីក្រុងរ៉ាហ្វា មានយុវជនប៉ាឡេស្ទីនមួយក្រុម បានដឹកនាំការសម្តែងសិល្បៈ និងសៀករហ័សកម្ម នៅក្នុងសាលារៀនដែលបានប្តូរទៅជាទីជម្រក សម្រាប់គ្រួសារផ្លាស់ទីលំនៅពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ វិច្ឆិកា ២០២៣។
យុវជន Youssef Khedr សមាជិកក្រុមសម្តែងសៀករហ័សកម្មនៅហ្គាហ្សា បាននិយាយថា គោលបំណងនៃការសម្តែងនាពេលនេះ គឺដើម្បីលុបបំបាត់ការគិតអវិជ្ជមានរបស់កុមារ ពីអ្វីដែលពួកគេបានឃើញក្នុងអំឡុងសង្គ្រាម ឬការផ្លាស់ទីលំនៅទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប។ ពួកយើងបានសម្រេចចិត្តបង្កើតក្រុមសម្តែងនេះដោយខ្លួនឯង ទោះបីជាយើងមិនមានសម្ភារៈសម្តែងសៀកច្រើនក៏ដោយ។
យុវជនរូបនេះបន្ថែមថា ថ្វីត្បិតតែមានការលំបាក ជាមួយនឹងស្ថានភាពសង្រ្គាមដែលពួកយើងកំពុងឆ្លងកាត់ក៏ដោយ ក៏យើងសប្បាយចិត្ត នៅពេលដែលកុមារផ្តល់ស្នាមញញឹមដល់ពួកយើង នៅពេលសម្តែង ពីព្រោះកុមារបានឆ្លងកាត់ភាពតានតឹងផ្លូវចិត្តជាច្រើន។ តាមរយៈការសម្តែងនេះ ពួកយើងកំពុងបង្ហាញទៅកាន់ពិភពលោកថា ពួកយើងបានផ្តល់ការកំសាន្តដល់កុមារ ដូច្នេះពួកគេអាចលុបបំបាត់បញ្ហាផ្លូវចិត្ត ដោយសារតែការភ័យខ្លាច និងភាពភ័យរន្ធត់ ដែលពួកគេបានឃើញក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។
លោក Mohamed Khedr អ្នកសម្របសម្រួលការសម្តែងសៀកនៅហ្គាហ្សា បានបញ្ជាក់ថា ពួកយើងបានផ្តល់ការកំសាន្តសប្បាយដល់កុមារ ដែលធ្លាប់រស់នៅក្នុងភាពតានតឹង, ការព្រួយបារម្ភ និងការភ័យខ្លាច ចំពេលមានសង្រ្គាម។ ជាមួយគ្នានេះ ឪពុកម្តាយរបស់ក្មេងៗក៏មានភាពសប្បាយរីករាយដែរ ពីព្រោះយើងបានធ្វើឱ្យពួកគេមានក្តីសង្ឃឹម, សប្បាយចិត្ត និងផ្លាស់ប្តូរអារម្មណ៍ ក៏ដូចជាទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ៕