មីលស៊ីលទំនើបប្រភេទថ្មីរបស់អាមេរិក និងប្រគល់ទៅអោយ អ៊ុយក្រែន ក្នុងពេលឆាប់ៗ
អន្តរជាតិ៖ សហរដ្ឋអាមេរិក នឹងប្រគល់មីលស៊ីលរយៈចម្ងាយឆ្ងាយថ្មីដ៏ទំនើបជាលើកដំបូង ទៅឲ្យប្រទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការសាកល្បងប្រកបដោយជោគជ័យ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Politico នៅថ្ងៃទី៣១ មករា ២០២៣។
តាមរបាយការណ៍ មីលស៊ីលទំហំតូចបាញ់ចេញពីដីគោកប្រភេទនេះគឺផលិតដោយក្រុមហ៊ុន Boeing ជាមួយរយៈចម្ងាយ៨៨គីឡូម៉ែត្រ ហើយមានសមត្ថភាពបាញ់ចំគោលដៅច្បាស់ៗ។ របាយការណ៍ដដែល បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់មួយរូបដែលនិយាយថា សូម្បីតែក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក ក៏មិនទាន់មានមីលស៊ីលនេះដែរ ហើយវានឹងត្រូវយកប្រើប្រាស់ជាលើកដំបូងនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន ជាមួយក្តីសង្ឃឹមថា ជួយកងទ័ពទីក្រុងកៀវបានច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ អាមេរិក មិនបញ្ជាក់ទេថាតើខ្លួននឹងបញ្ជូនឲ្យអ៊ុយក្រែន ប៉ុន្មានគ្រាប់ ហើយក៏មិនបញ្ចេញព័ត៌មានលម្អិតលើសនេះដែរ ពាក់ព័ន្ធគ្រាប់បែកដ៏ទំនើបខាងលើ។
សូមបញ្ជាក់ជាថ្មី ចាប់តាំងពីរុស្ស៊ី ផ្តើមប្រតិបត្តិការយោធាពិសេសក្នុងខែកុម្ភៈឆ្នាំ២០២២មក ប្រទេសលោកខាងលិច បានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ក្នុងចំនួនទឹកប្រាក់រាប់រយពាន់លានដុល្លារ។ជំនួយបានវិវត្តពីគ្រាប់កាំភ្លើងធំនិងការបណ្តុះបណ្តាលទ័ពនៅឆ្នាំ២០២២ ទៅជាជំនួយសព្វាវុធធុនធ្ងន់ រួមទាំងរថក្រោះ ប្រព័ន្ធការពារដែនអាកាសទំនើបៗ គ្រាប់បែកចង្កោម និងមីស៊ីលផងដែរ។
យ៉ាងណា វិមានក្រឹមឡាំង តែងព្រមានជានិច្ចថា ភាគីលោកខាងលិចកំពុង ចូលដៃដោយផ្ទាល់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តាមរយៈការផ្តល់ជំនួយទាំងនេះ ហើយអាវុធដែលបញ្ជូនទៅ នឹងត្រូវទីក្រុងមូស្គូ កម្ទេចក្លាយជាផេះផង់៕