ពីរនាក់បងប្អូនកើតកូវីដ១៩ បានទៅហាង Zando សាខាបឹងកេងកង ព្រលប់ថ្ងៃទី២៧ វិច្ឆិកា, ក្រសួងសុខាភិបាលអំពាវនាវដល់អ្នកបានទៅហាងនោះ ត្រូវមកធ្វើតេស្តរកមេរោគកូវីដជាបន្ទាន់
(ភ្នំពេញ)៖ ពីរនាក់បងប្អូនបង្កើតនឹងគ្នា ម្នាក់ធ្វើការនៅធនាគារកាថេ និងម្នាក់ធ្វើការនៅធនាគារចិន ដែលរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នោះបានទៅទិញខោអាវនៅហាង Zando តាមផ្លូវត្រសក់ផ្អែម (សាខាបឹងកេងកង រាជធានីភ្នំពេញ) កាលពីម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលសូមអំពាវនាវដល់ភ្ញៀវទាំងឡាយណាដែលបានចូលទៅទិញសម្លៀកបំពាក់ នៅហាង Zando សាខាបឹងកេងកង នៅអំឡុងចាប់ពីម៉ោង៧៖៣០នាទីយប់ ដល់ពេលបិទនាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវមកធ្វើតេស្តជាបន្ទាន់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីស្វែងរកមេរោគកូវីដ១៩។
សូមជំរាបថា ពីរនាក់បងប្អូនបង្កើតនឹងគ្នានោះ ទី១៖ ឈ្មោះ ឡាយ សេងលី បុគ្គលិកធនាគារចិន (Bank of China) នៅអគារកាណាឌីយ៉ា និងទី២៖ឈ្មោះ ឡាយ សេងលីន បុគ្គលិកធនាគារកាថេ យូណាធិន ហើយពួកគេត្រូវបានរកឃើញមានជំងឺកូវីដ-១៩ ដែលឆ្លងពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ហើយក៏ធ្លាប់បានចម្លងទៅបុគ្គលិកនៅហាង Pedro ចំនួន៧នាក់ផងដែរ។
តាមរយៈកាមេរ៉ាសុវត្ថិភាព នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បង្ហាញឲ្យឃើញថា ឈ្មោះ ឡាយ សេងលី និងឈ្មោះ ឡាយ សេងលីន ពេលកំពុងដើរមើលសម្លៀកបំពាក់នោះ មិនបានពាក់ម៉ាស់នោះទេ ដូច្នេះហើយជាក្ដីព្រួយបារម្ភ សម្រាប់អ្នកដែលបានចូលទៅហាង Zando អំឡុងពេលដូចគ្នានេះ។
គួរជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្ដអ្នកប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» សរុបទាំងអស់ បានចំនួន១០,១៤៧សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន២៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕