អន្តរជាតិ៖ ក្រុម Villareal របស់អេស្ប៉ាញ នឹងត្រូវប៉ះក្រុមបិសាចក្រហម Manchester United របស់អង់គ្លេស ក្នុងការប្រកួតផ្តាច់ព្រ័ត្រ UEFA Europa League នៅទីក្រុង Gdansk នៃប្រទេសប៉ូឡូញ វេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រយប់នេះ។ តើក្រុមណា នឹងក្លាយជាម្ចាស់ពានរង្វាន់នេះ?
Ole Gunnar Solskjaer ដែលធ្លាប់ឈ្នះពាន UEFA Champions League ក្នុងនាមជាកីឡាករ Man Utd មិនទាន់បានឈ្នះពានមួយនៅឡើយទេ តាំងពីឡើងដឹកនាំជាអ្នកចាត់ការក្រុមបិសាចក្រហម ចាប់ពីរដូវកាល ២០១៨-២០១៩ មក។ Man Utd ខកខានឈ្នះពាន រយៈពេល៤ឆ្នាំមកហើយ ប៉ុន្តែលោក Solskjaer ជឿជាក់ថា នឹងអាចយកឈ្នះ Villarreal ដែលបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៧ នៅ La Liga រដូវកាលនេះបាន។
ដោយឡែក អ្នកចាត់ការ Unai Emery របស់ក្រុម Villarreal ធ្លាប់ឈ្នះពាន UEFA Europa League នេះ ៣ដងមកហើយ (២០១៤, ២០១៥, ២០១៦) កាលដឹកនាំក្រុម Sevilla។ Emery ក៏ធ្លាប់ដឹកនាំ Arsenal ឡើងដល់ផ្តាច់ព្រ័ត្រ កាលឆ្នាំ២០១៩ ផងដែរ ប៉ុន្តែចាញ់ក្រុម Chelsea។ បុរសសញ្ជាតិអេស្ប៉ាញរូបនេះ សង្ឃឹមថានឹងជួយឲ្យ Villarreal លើកពានរង្វាន់ធំជាលើកដំបូង ក្នុងរយៈពេល ៩៨ឆ្នាំ នៅយប់នេះ។
គួរបញ្ជាក់ថា បើតាមគម្រោងនៃការរៀបចំប្រកួតដ៏ធំនេះ អ្នកគាំទ្រ ២០០០នាក់ របស់ក្រុមនីមួយៗ នឹងអនុញ្ញាតឲ្យចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន។ RT