ក្រុមប្រទេស G7 ថ្កោលទោសកូរ៉េខាងជើង ចំពោះការបញ្ជូនសព្វាវុធទៅកាន់ប្រទេសរុស្ស៊ី
តូក្យូ៖ ក្រោយកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G7 នៅប្រទេសជប៉ុន រដ្ឋមន្ដ្រីការបរទេសនៃក្រុមប្រទេស G7 នៅថ្ងៃទី៨ ខែវិច្ឆិកា បានថ្កោលទោសប្រទេសកូរ៉េខាងជើងយ៉ាងខ្លាំង ដែលប្រទេសនេះបានបញ្ជូនគ្រឿងសព្វាវុធទៅកាន់ប្រទេសរុស្ស៊ី ដើម្បីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៨ វិច្ឆិកា ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ដ្រីការបរទេសជប៉ុនបានថ្លែងថា ក្រុមប្រទេស G7 មិនចេញចិត្តជាខ្លាំងចំពោះការបាញ់គ្រាប់រ៉ុកកែតជាច្រើនសាររបស់កូរ៉េខាងជើង គួបផ្សំនឹងការបញ្ជូនគ្រឿងសព្វាវុធទៅកាន់រុស្ស៊ី ដែលទង្វើនេះបានប្រឆាំងនឹងច្បាប់របស់ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ។
ប្រទេសកូរ៉េខាងជើងបានផ្ដល់កាំភ្លើងធំជាង១លានដើមហើយទៅកាន់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន ដោយកូរ៉េខាងជើងទទួលបានការណែនាំទាក់ទងនឹងបច្ចេកវិទ្យាផ្កាយរណបជាថ្នូរត្រឡប់ទៅវិញ។
គួរបញ្ជាក់ថា មេដឹកនាំ គឺម ជុងអ៊ុន បានជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ីនៅក្នុងកិច្ចប្រជុំកាលពីខែកញ្ញា ហើយក្រោយមកសហរដ្ឋអាមេរិកក៏បានអះអាងថា កូរ៉េខាងជើងបានចាប់ផ្ដើមផ្ដល់គ្រឿងសព្វាវុធដល់រុស្ស៊ីនៅពេលកិច្ចប្រជុំនេះបានបញ្ចប់៕