យ៉ាងណាយ៉ាងណីទេ! ល្ហិចល្ហៀងរឿង ខេមរៈ សិរីមន្ដ ចូលហ្គាឡាក់ស៊ីតាម ព្រាប សុវត្ថិ
ក្រោយបែកធ្លាយរូបថត២សន្លឹកដែលបង្ហាញពីសកម្មភាពពិសាអាហារជុំគ្នារវាងកំពូលតារាចម្រៀងប្រុសប្រចាំនៅផលិតកម្មរស្មីហង្ស មាស គឺលោក ខេមរៈ សិរីមន្ដ ជាមួយលោកឧកញ៉ាវ័យក្មេង ឡេង ណាវាត្រា និងក្រុមការងារផលិតកម្មហ្គាឡាក់ស៊ីនៅថ្ងៃទី២៤ ខែសីហា នេះ បានធ្វើឲ្យសារព័ត៌មាន និងប្រិយមិត្ដខ្លះ សង្ស័យថា លោក ខេមរៈ សេរីមន្ដ អាចជាតារាចម្រៀងទី២ ដែលចេញពីហង្សមាស ហក់ចូលហ្គាឡាក់ស៊ី បន្ទាប់ពីលោកព្រាប សុវត្ថិ។
ទាក់ទងនឹងចម្ងល់នេះតារាចម្រៀង និងជាបុគ្គលិកពេញសិទ្ធិរបស់ផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ដ បានបកស្រាយតាមរយៈ សារព័ត៌មានថា រូបថតដែលបានបង្ហាញនោះ គឺការពិសាអាហារសាមគ្គីរវាងរូបលោក ជាមួយនឹងក្រុមការងារផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុនលោកឧកញ៉ាឡេង ណាវាត្រា ប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងការងារសិល្បៈឡើយ។ លោកបញ្ជាក់ថា ក្រៅពីចម្រៀង លោកមានសិទ្ធិរកស៊ីផ្នែកអចលនទ្រព្យជាមួយអ្នកណាក៏បាន។
ខេមរៈ សិរីមន្ដ៖ "យើងនិយាយតែពីរឿងរកស៊ីផ្នែកអចលនទ្រព្យទេ យើងមិនបាននិយាយរឿងកុងត្រាចម្រៀងអីទេ ព្រោះបច្ចុប្បន្នខ្ញុំជាបុគ្គលិកពេញសិទ្ធិរបស់ហង្សមាស។
អ្នកកាសែត៖ ចុះទៅថ្ងៃអនាគតបងអាចនឹងប្ដូរផលិតកម្មដូចបង ព្រាប សុវត្ថិទេ ឬយ៉ាងម៉េចដែរ?
សិរីមន្ដ៖ រឿងអនាគតយើងកុំទាន់អាលនិយាយវា យើងមិនអាចគូសវាសវាមុនបានទេ"។
តារាចម្រៀងប្រុសលំដាប់កំពូលប្រចាំនៅផលិតកម្មរស្មី ហង្សមាស លោក ខេមរៈ សិរីមន្ដ បញ្ជាក់ម្ដងហើយម្ដងទៀតថា បច្ចុប្បន្នរូបលោកមានកុងត្រាជាមួយហង្សមាស ហើយជាបុគ្គលិកពេញសិទ្ធិរបស់ហង្សមាសទៀតផង ដូច្នេះរឿងផ្លាស់ប្ដូរផលិតកម្មថ្មីនៅពេលនេះ នឹងមិនអាចធ្វើទៅរួចឡើយ៕