ភ្នំពេញ ៖ ធនាគារពិភពលោក (WB) បានឲ្យដឹងថា តាមការព្យាករទុកសម្រាប់ពេលខាងមុខកំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តងើបឡើងវិញបន្ទាប់ពីវិធានការរឹតត្បិតពាក់ព័ន្ធនឹងកូវីដ-១៩ ត្រូវបានដកចេញ ហើយឆ្នាំ២០២២ សេដ្ឋកិច្ចត្រូវរំពឹងទុកថា នឹងសម្រេចបានកំណើន ៤,៥%។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ WB នាថ្ងៃទី៩ ធ្នូ បានបញ្ជាក់ថា ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) របស់កម្ពុជាត្រូវបានព្យាករថានឹងមានកំណើនត្រឹមតែ ២,២ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០២១ ដោយសារវិស័យសេវាកម្ម រួមមាន ៖ វិស័យទេសចរណ៍, វិស័យសំណង់, វិស័យអចលនទ្រព្យ នៅមានកំណើនយឺត។

ទន្ទឹមគ្នានេះ វិស័យជាប្រពៃណីក្នុងការជំរុញកំណើន ជាពិសេសឧស្សាហកម្មកាត់ដេរ, ទំនិញធ្វើដំណើរ និងស្បែកជើង និងឧស្សាហកម្មផលិតកង់ រួមទាំងវិស័យកសិកម្មផងដែរ នៅតែបន្តដើរតួក្នុងការទ្រទ្រង់ដល់ការស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩។ ទាំងនេះជាបច្ចុប្បន្នភាពចុងក្រោយ នៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលធនាគារពិភពលោក បានធ្វើឡើងតាមរយៈរបាយការណ៍ថ្មីមួយក្រោមចំណងជើងថា «រស់ជាមួយកូវីដ-១៩» (Living with COVID-19) ។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ដូច្នេះថា «យើងទាំងអស់គ្នាបានដឹងហើយថា ពេលនេះកម្ពុជាកំពុងតែរស់នៅជាមួយជំងឺកូវីដ-១៩ ប្រជាជនចំនួនច្រើនលើសលប់បានចាក់វ៉ាក់សាំងការពាររួច ហើយរដ្ឋាភិបាល ក៏បានចាប់ផ្តើមបើកប្រទេស ឲ្យដំណើរការឡើងវិញសឹងតែគ្រប់ផ្នែកហើយដែរ ដោយបន្តអនុវត្តវិធានការការពារសុខភាពដែលមានជាធរមានស្រាប់។ នៅធនាគារពិភពលោក ពេលនេះយើងកំពុងតែរៀបចំធ្វើការពិនិត្យឡើងវិញនូវការបំពេញកិច្ច និងបទពិសោធន៍ (Performance and LearningReview) ដែលនឹងអាចឲ្យយើងពង្រឹងនឹងសម្របភាពជាដៃគូរបស់យើងជាមួយកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត ខណៈដែលប្រទេសនេះកំពុងខិតខំស្តារសេដ្ឋកិច្ចឲ្យកាន់តែមានភាពស្វិតស្វាញ បន្ទាប់ពីរងផលប៉ះពាល់ខ្លាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩»។

លោកស្រី បញ្ជាក់ថា «តាមការព្យាករទុកសម្រាប់ពេលខាងមុខកំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តងើបឡើងវិញបន្ទាប់ពីវិធានការរឹតត្បិតពាក់ព័ន្ធនឹងកូវីដ-១៩ត្រូវបានដកចេញ។ នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងសម្រេចបានកំណើន ៤,៥% ប៉ុន្តែដំណើររើបឡើងវិញនេះនឹងជួបហានិភ័យទៅវិញប្រសិនបើមានការសាយភាពនៃវីរុសនេះជាថ្មីម្តងទៀត»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ