ភ្នំពេញ  ៖ រយៈពេល៩ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន ២,១១១លានដុល្លារអាមេរិក ដែលស្មើនឹង ៩៤.១២នៃច្បាប់ថវិកាជាតិ ឆ្នាំ២០២១។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា ឆ្នាំ២០២១ និងត្រីមាសទី៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ។

លោករដ្ឋមន្ត្រីប្រតិភូបានបង្ហាញថា រយៈពេល៩ខែ ឆ្នាំ២០២១ ចំណូលពន្ធ អាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់ អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨,៥៤៩.៩០ប៊ីលានរៀល (ប្រមាណជា ២,១១១.០៩លានដុល្លារ) ស្មើនឹង ៩៤.១២% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៥៥០.២២ ប៊ីលានរៀល (ប្រមាណជា១៣៥.៨៦លានដុល្លារ) ស្មើនឹង-៦.០៥%។

សម្រាប់ឆ្នាំ២០២១ នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធបាន គ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងចំនួន ៩ ០៨៤.៤២ ប៊ីលានរៀល (ប្រមាណ ២,២៤៣.០៧ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ