ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈម ទាំងឡាយក្នុងតំបន់ នៅពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ខាងមុខនេះ។

ថ្លែងក្នុងអង្គមហាសន្និបាទអង្គការសហប្រជាជាតិ លើកទី៧៦ តាមប្រព័ន្ធវិដេអូ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន ថា «ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈម រួមនៅក្នុងតំបន់»។

សម្ដេចតេជោ បានបន្ដថា ជាមួយនឹងសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសសមាជិកអាស៊ាន និងការគាំទ្រពីដៃគូ ខាងក្រៅ កម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ាន ដែលជាតំបន់ដ៏មានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ ពិភពលោក ។ 

សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងបន្តជំរុញការកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពរស់រវើក និងសុខដុមរមនា ជាមួយនឹងការការពារដល់ពលករចំណាកស្រុក, របៀបវារៈការអភិវឌ្ឍន៍ ដែលមាន ភាពបៃតង និងបរិយាប័ន្នការធ្វើបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម (MSMEs) ក៏ដូចជាការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និងយុវវ័យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ