បើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Sky News នារសៀលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០ បញ្ជាក់ថា ក្រោយការធ្វើចត្តាឡីស័ក និងធ្វើតេស្តរួចមក នៅទីបំផុតលទ្ធផលចេញមកហើយ នោះគឺលោក ដូណាល់ ត្រាំ និងលោកជំទាវទី១ មេឡានៀ បានឆ្លងជំងឺ COVID-19។ នៅក្នុងសារបង្ហោះលើ Twitter របស់លោកនៅមុននេះបន្តិច លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «យប់នេះខ្ញុំ និងភរិយាបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19។ ពួកយើងនឹងចាប់ផ្តើមដំណើរការធ្វើចត្តាឡីស័ក និងការព្យាបាលឲ្យជាសះស្បើយឡើងវិញ យ៉ាងឆាប់រហ័ស។ យើងនឹងប្រឈមមុខបញ្ហានេះទាំងអស់គ្នា»។ សាររបស់លោក ដូណាល់ ត្រាំ នេះត្រូវបានបង្ហោះនៅមុនម៉ោង ១៖០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។គួរបញ្ជាក់ថា ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់លោក ដូណាល់ ត្រាំ គឺលោកស្រី ហូប ហីកស៍ (Hope Hicks) ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 បន្ទាប់ពីបានរួមដំណើរជាមួយលោក ត្រាំ នៅលើយន្ដហោះពិសេស Air Force One៕