សមត្ថកិច្ចចុះឆែកឆេរកុងស៊ីបញ្ចាំនៅឃ្លាំងរំសេវ ដកហូតម៉ូតូ១១គ្រឿង ដែលសង្ស័យថា ពាក់ព័ន្ធនឹងករណីចោរកម្ម
4 ឆ្នាំ មុន
ភ្នំពេញ ៖ ទីតាំងកុងស៊ីបញ្ចាំមួយកន្លែងនៅម្តុំឃ្លាំងរំសេវ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញចុះឆែកឆេរដើម្បីរកម៉ូតូដែលជនសង្ស័យលួចយកទៅបញ្ចាំ ដោយដកហូតបានម៉ូតូចំនួន១១គ្រឿង ដែលសង្ស័យថា ពាក់ព័ន្ធនឹងករណីចោរកម្ម។
ការចុះឆែកឆេរកុងស៊ីបញ្ចាំមួយកន្លែងខាងលើនេះធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចកន្លែងបញ្ចាំ ស្ថិតនៅផ្ទះលេខ ៤C ផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះឆែកឆេរខាងលើនេះដឹកនាំដោយលោកវរៈសេនីយ៍ឯកឯក ប៊ុត សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងមានការចូលរួមពីសមត្ថកិច្ចមូលដ្ឋាន ផងដែរ ។តាមព័ត៌មានអោយដឹងថា ការឈានចុះទៅឆែកឆេរទីតាំងបញ្ចាំមួយកន្លែងខាងលើនេះ បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យលួចចំនួន២នាក់ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០ ។ តាមចម្លើយសារភាពជនសង្ស័យថា បានយកម៉ូតូទៅបញ្ចាំនៅក្នុងកុងស៊ីខាងលើក៍ត្រូវបានសមត្ថកិច្ចចុះទៅឆែកឆេរតែម្តង ។តាមលោកវរៈសេនីយ៍ ប៊ុន សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថា នៅក្នុងការឆែកឆេរនេះ សមត្ថកិច្ចរកឃើញម៉ូតូចំនួន១១គ្រឿង ដែលសង្ស័យថា ជាម៉ូតូដែលពាក់ព័ន្ធនឹងបទល្មើស ។ ដោយឡែកម៉ូតូដែលជនសង្ស័យលួចយកទៅបញ្ចាំ រកពុំឃើញឡើយ សង្ស័យថា ម្ចាស់យកទៅលាក់ទុកនៅកន្លែងផ្សេង។ម៉ូតូទាំង១១គ្រឿង ត្រូវបានដកហូតបញ្ចូនទៅកាន់ការិយាល័យ ដើម្បីធ្វើការត្រួតពនិត្យ ។ដោយឡែកចំពោះស្រីជាម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរផងដែរ ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ