ប្រធានគ្រប់គ្រងធនាគារពិភពលោកថ្មី ប្រចាំកម្ពុជា ប្ដេជ្ញា រៀបចំមូលដ្ឋានសម្រាប់ស្តារសេដ្ឋកិច្ចកម្ពុជាឲ្យរើបឡើងវិញ
ភ្នំពេញ ៖ លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងធនាគារពិភពលោកថ្មី ប្រចាំប្រទេសកម្ពុជា បានប្ដេជ្ញាចិត្តជួយកម្ពុជាពីផលប៉ះពាល់ជំងឺកូវីដ-១៩ ជាពិសេស រៀបចំមូលដ្ឋានសម្រាប់ស្តារសេដ្ឋកិច្ចឲ្យរើបឡើងវិញ យ៉ាងស្វាហាប់ ផងដែរ។
ការប្ដេជ្ញាចិត្តរបស់លោកស្រី ម៉ារីយ៉ាម សាលីម ក្រោយពីធនាគារពិភពលោក បានតែងតាំងលោកស្រី ជាប្រធានគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា ស្នងតំណែងពីលោកស្រី អ៊ីងហ្គូណា ដូប្រាចា (Inguna Dobraja) ដែលបានផ្លាស់ទៅធ្វើការថ្មី នៅប្រទេសម៉ុលដូវ៉ា ក្រោយពីបានបំពេញបេសសកម្មអស់រយៈពេល ៥ឆ្នាំ ជាប្រធានគ្រប់គ្រងការិយាល័យ នៃធនាគារពិភពលោក នៅក្នុងរាជធានីភ្នំពេញ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រី សាលីម មើលការខុសត្រូវរួមពីលើកិច្ចការប្រចាំថ្ងៃរបស់ធនាគារពិភពលោកជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងនោះ មានកញ្ចប់គម្រោងនានាគិតជាតម្លៃទឹកប្រាក់សរុបប្រមាណ ១,១ប៊ីលានដុល្លារអាមេរិក (US$1.1 billion) ដែលភ្នាក់ងារនានារបស់រដ្ឋាភិបាលកំពុងអនុវត្ត តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារពិភពលោក។ គម្រោងទាំងនោះត្រូវបានរៀបចំតម្រូវតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា អមដោយគោលដៅពីររបស់ធនាគារពិភពលោក គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនវិបុលភាពរួមសម្រាប់ប្រជាជនកម្ពុជា។
ធនាគារពិភពលោក បន្ដថា ក្នុងក្របខណ្ឌភាពជាដៃគូរបស់ ធនាគាពិភពលោកសម្រាប់ប្រទេសកម្ពុជា សម្រាប់ដំណាក់កាលឆ្នាំ២០១៩-២០២៣ ផ្តោតសំខាន់ទៅលើការបង្កើនភាពប្រសិទ្ធភាពរបស់វិស័យសាធារណៈ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន, លើការវិនិយោគលើធនធានមនុស្សតាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាអប់រំ និងសេវាសុខាភិបាលមានគុណភាពសម្រាប់ក្មេងតូច, លើការធ្វើពិពិធកម្ម និងបង្កើនផលិតភាពក្នុងវិស័យកសិកម្ម, លើការលើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងលើការពង្រឹងអភិបាលកិច្ច ស្ថាប័ននិងការចូលរួមរបស់ពលរដ្ឋ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងថ្មីរបស់ធនាគាពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ខ្ញុំមាន សោមនស្សក្រៃលែងដែលបានមកកាន់តំណែងថ្មីនេះ ហើយខ្ញុំកាន់តែរីករាយណាស់ដែរដែលបានត្រឡប់មកកម្ពុជាវិញ នៅ១៧ឆ្នាំក្រោយគិតចាប់ពីពេលដែលខ្ញុំបានបញ្ចប់ការងារនៅកម្ពុជា ក្នុងនាមជាប្រធានក្រុមនៃគម្រោងពាក់ព័ន្ធមូលនិធិសង្គមសម្រាប់ពង្រឹងសហគមន៍ និងប្រយុទ្ធនឹងភាពក្រីក្រ»។
លោកស្រី បន្ដថា «ខ្ញុំត្រៀមខ្លួនជាស្រេចនឹងធ្វើការជាមួយសហសេវិកកម្ពុជារបស់ខ្ញុំ ដើម្បីជួយប្រទេសកម្ពុជាគ្រប់គ្រងផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ-១៩,រៀបចំមូលដ្ឋានសម្រាប់ការស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញយ៉ាងស្វាហាប់និងកសាងភាពធន់សម្រាប់ទប់ទល់ជាមួយហេតុការណ៍អង្រួនកន្ត្រាក់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ»។
សូមរំលឹកថា លោកស្រី សាលីម មានបទពិសោធន៍ការងារជាង២០ឆ្នាំ ក្នុងធនាគារពិភពលោក ក្នុងនោះ កាលពីពេលថ្មីនេះ លោកស្រី ធ្លាប់កាន់តំណែងជាប្រធានគ្រប់គ្រងប្រចាំប្រទេសអាល់បានី ផងដែរ។ កាលនៅកម្ពុជាពេលមុនលោកស្រី ជាអ្នកឯកទេសផ្នែកអភិវឌ្ឍសង្គម និងធនធានមនុស្សមុននឹងលោកស្រី បន្តទៅបំពេញមុខងារក្នុងតំណែងជាន់ខ្ពស់ផ្សេងៗ នៅក្នុងផ្នែករៀបចំគោលនយោបាយប្រតិបត្តិការរបស់ធនាគារពិភពលោក នៅស្នាក់ការកណ្តាលក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោកស្រី មានដើមកំណើតនៅប្រទេសតង់ហ្សានី មានសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យ Johns Hopkins, និងជាបណ្ឌិតច្បាប់ចេញពីសកលវិទ្យាល័យ Georgetown៕EB