ភ្នំពេញ ៖ កាលពី ២០ថ្ងៃមុន បុរសជាជនជាតិវៀតណាមម្នាក់ បានយកស្ត្រីរកស៊ីផ្លូវភេទ ២នាក់ ទៅដេកនៅផ្ទះសំណាក់មហាសម្បត្តិ ក្នុងតម្លៃ ៥០$ ប៉ុន្តែពេលចេញមកវិញ បានបាត់លុយអស់ ២,០០០ ដុល្លារ ទើបរយ:ពេល ២០ថ្ងៃ បុរសជនជាតិវៀតណាម បានឃើញស្ត្រីខាងលើ ក៏ចាប់ប្រគល់ ឲ្យសមត្ថកិច្ចម្នាក់ ខណ:ម្នាក់ទៀតរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បង្ករការភ្ញាក់ផ្អើលបានកាលពីវេលាម៉ោង ១១ កន្លះយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចអតិតក្លឹបទ្រូហ្វេស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ស្ត្រីជនសង្ស័យឈ្មោះសុខ អ៊ាងមួយ ភេទស្រី អាយុ ២៩ឆ្នាំ មានមុខរបររកស៊ីផ្លូវភេទ ស្នាក់នៅសង្កាត់គីឡូម៉ែតលេខ6 ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ចំណែកបក្ខពួករត់គេចខ្លួនមានឈ្មោះ យួន ភេទស្រី អាយុ ៣២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះ PHAN VANDAT ភេទប្រុស អាយុ ២៨ ឆ្នាំ ស្នាក់នៅខេត្តសៀមរាប បានឲ្យដឹងថា មុនកើតហេតុ គាត់បានមកលេងនៅភ្នំពេញ ដោយចូលកន្លែងផឹកស៊ីស្រវឹង រួចជិះកង់បីឥណ្ឌាមួយគ្រឿង មកម្តុំមាត់ទន្លេផ្លូវព្រះស៊ីសុវត្ថិ ក្នុងបំណងទៅរកសេវាផ្លូវភេទ ហើយក៏បានប្រទះឃើញស្ត្រី២នាក់ កំពុងតែឈរនៅទីនោះ ទើបគាត់បបួលស្ត្រីនោះ ទៅដេកជាមួយក្នុងតម្លៃ ៥០$ នៅផ្ទះសំណាក់មហាសម្បត្តិ នៅលើផ្លូវទំនប់៧០ ដោយបន្ទាប់ពីគេងជាមួយគ្នារួច ស្ត្រីសង្ស័យបានចេញទៅបាត់ ពេលគាត់ឆែកមើលលុយ ទើបដឹងថាបាត់លុយអស់ ២,០០០ដុល្លារ។ ថ្ងៃកើតហេតុ តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ គិតមកទល់ពេលនេះ គឺមានរយ:ពេល ២០ថ្ងៃហើយ ទើបគាត់ បានប្រទះឃើញស្ត្រីជនសង្ស័យឈ្មោះ សុខ អ៊ាងមួយ ដោយចៃដន្យ កំពុងតែឈររកស៊ីនៅលើផ្លូវព្រះស៊ីសុវត្ថិ ទើបគាត់ឃាត់ខ្លួន ប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ដើម្បីយកទៅសួរនាំ ប៉ុន្តែជនសង្ស័យ បាននិយាយប្រកែកថា ខ្លួនមិនបានលួចលុយជនរងគ្រោះនោះទេ គឺម្នាក់ឈ្មោះ យួន ជាអ្នកលួចតែប៉ុណ្ណោះ។

បើតាមសម្ដីរបស់ជនរងគ្រោះ បាននិយាយបន្តទៀតថា ស្ត្រីឈ្មោះ សុខ អ៊ាងមួយ នេះគឺជាអ្នកលួចកាបូបពិតមែន គាត់ចាំមុខច្បាស់ណាស់។ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចចាត់ការជនសង្ស័យ ទៅតាមនិតិវិធីផ្លូវច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ