(ភ្នំពេញ)៖ជនសង្ស័យម្នាក់ឈ្មោះ​ ប៉ាង​ កាក់ទិការ​ ( សម្បត្តិ​ សក្កដា​ ) ហៅ​ ឆាង​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​ ដែលបានក្លែងបន្លំធ្វេីជាសមត្ថកិច្ចនគរបាល​ជាតិ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួននៅចំណុចផ្លូវកម្ពុជាក្រោម​ កែងផ្លូវ២៥៣​ សង្កាត់ទឹកល្អក់២​ ខណ្ឌទួលគោក​ នឹងបានរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការនៅថ្ងៃនេះដេីម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់​ ដោយចោទប្រកាន់ពីបទ​ ប្រេីប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍​ សម្រាប់អាជ្ញាធរសាធារណ:​ ( ស្លៀកសម្លៀកបំពាក់ឯកសណ្ឋាននគរបាលជាតិ​ និងកងរាជអាវុធហត្ថ​ ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ​ តាំងពីឆ្នាំ២០១៩​ រហូតដល់បច្ចុប្បន្ន​
តាមការស្រាវជ្រាវរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វេីការស្រាវជ្រាវរកឃេីញថាមានជនសង្ស័យម្នាក់បានបង្កេីតគណនីហ្វេសបុកក្លែងក្លាយមួយដែលដាក់ឈ្មោះ​ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្ទាប់ពីធ្វេីការស្រាវជ្រាវរួចមក​ ក្រុមការងារបានរកឃេីញថាជនម្នាក់នេះមិនត្រឹមតែលួចបង្កេីតហ្វេសបុកក្លែងក្លាយបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ​ ថែមទាំងបានក្លែងបន្លំខ្លួនធ្វេីជាសមត្ថកិច្ចនគរបាលជាតិទៀតផង​ ។
បន្ទាប់ពីក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ស្រាវជ្រាវបានព័ត៌មានគ្រប់គ្រាន់ ក្រុមការងារបានធ្វេីការសហការផ្តល់ព័ត៌មានដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដោយបានធ្វេីការស្រាវជ្រាវ​ និងឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់នេះដែលមានឈ្មោះ​ ប៉ាង​ កាក់ទិការ​ ដេីម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់​ ។
វត្ថុតាងដែលសមត្ថកិច្ចបានរឹបអូសបានរួមមាន​ :
-វិទ្យុទាក់ទងម៉ូតូរ៉ូឡា ម៉ាក GP ៣៣៨ ចំនួន ០៥ គ្រឿង និងឆ្នាំងសាកវិទ្យុទាក់ទងចំនួន ០៤
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន៦ផ្លឹស ចំនួន ០១ គ្រឿង
-ខ្នោះដៃ ចំនួន ០៣ គូ និងស្រោមខ្នោះ ចំនួន ០១
-អាវឈុតពណ៌អាចម៍សេះ មានឈ្មោះ វ.ទោ សម្បត្តិ សកក្កដា អត្តលេខ ៥០០៩១ ចំនួន ០១ កំផ្លេ
-អាវពណ៌ទឹកដោះគោ មានស្លាកសម្គាល់នគរបាលព្រហ្មទណ្ឌ មានផ្លាកឈ្មោះ សម្បត្តិ សកក្ដដា អត្តលេខ ១០៤៦០១ ចំនួន ០២ កំផ្លេ
-អាវធំ ពណ៌ខ្មៅ មានឡូហ្គូនគរបាលព្រហ្មទណ្ឌ ចំនួន ០១
-អាវយឺតដៃខ្លី ពណ៌អាចម៍សេះ មានសញ្ញា នប POLECE ចំនួន ០១
-អាវុធខ្លីជ័រ ពណ៌ខ្មៅ ចំនួន ០១ ដើម និង ស្រោមអាវុធខ្លី ចំនួន ០១
-ដាវដែកមានស្រោម ចំនួន ០១ ដើម
-ដំបងហូតដែក ចំនួន ០១
-មួកនគរបាលចំនួន ០៤
-ខ្សែក្រវ៉ាត់សាំងទារ៉ុង ពណ៌ត្រេអ៊ី ចំនួន ០១
-សក្តិថ្នាក់វរសនីយ៍ទោ ចំនួន ០១ គូ និងថ្នាក់វរសនីយ៍ឯក ចំនួន ០១ គូ
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ