ខេត្តកណ្តាល ៖ បុរសជាឪពុក ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោយពីប្រើអំពើហិង្សា ដោយយកខ្សែភ្លើងវាយកូនប្រុស២នាក់រហូតដល់បែកឈាមពេញក្បាល។

មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ កែវ ភា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ (ត្រូវជាឪពុកជនរងគ្រោះ)។ ចំណែក ជនរងគ្រោះ ទី១-ឈ្មោះ ភឿន សុភាព ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះ ភឿន សុផាន់ ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ (ជាកូនបង្កើតជនបង្ក)។

ប្រភពបន្តថា កាលពីម៉ោង២០និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យដែលត្រូវជាឪពុកបង្កើត ជនរងគ្រោះបានមកពីផឹកស្រាស្រវឹង ពេលមកដល់ផ្ទះ មិនឃើញកូននៅផ្ទះ ហើយជនសង្ស័យ ធ្លាប់ប្រាប់កូនឈ្មោះ ភឿន សុភាព ជាច្រើនដងថា កុំឲ្យដើរចោលផ្ទះ ពេលខ្លួនមិននៅផ្ទះ ។ ដោយសារជនសង្ស័យខឹងកូនពេកក៏បានទាញ រំពាត់ឫស្សី និងខ្សែភ្លើង វាយទៅលើកូនឈ្មោះភឿន សុភាព ចំខ្នងប្រហែល បីទៅបួនរំពាត់ ។

ពេលនោះ ប្អូនជនរងគ្រោះឈ្មោះ ភឿន សុផាន់ ឃើញឪពុកវ៉ៃបងប្រុស ក៏រត់ចូលទៅឱបបងប្រុស ហើយក៏ត្រូវក្បាលពីរទៅបីរំពាត់ទៀត បណ្តាលឲ្យបែកក្បាល ។

ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ