បើតាមការលើកឡើងរបស់ក្រុមហ៊ុន Nokia និងទីភ្នាក់ងាររបស់អង្គការ NASA បានបញ្ជាក់រួមគ្នា កាលពីនៅថ្ងៃចន្ទ ក្រុមហ៊ុន Nokia របស់ប្រទេសហ្វាំងឡង់ ត្រូវបានជ្រើសរើសដោយទីភ្នាក់ងារអវកាស NASA របស់អាមេរិក ដើម្បីសាងសង់បណ្តាញទំនាក់ទំនងចល័តជាលើកដំបូងលើភពព្រះច័ន្ទ។ ក្រុមហ៊ុនរបស់ប្រទេសហ្វាំងឡង់ នឹងធ្វើជាដៃគូរសហការជាមួយក្រុមហ៊ុនឯកជនផ្នែកអវកាស Intuitive Machines ដែលមានមូលដ្ឋានក្នុងរដ្ឋតិចសាសរបស់អាមេរិក ក្នុងការនាំយកឧបករណ៍ផ្នែកបណ្តាញទៅកាន់ភពព្រះច័ន្ទតាមយាន្តអវកាសរបស់ខ្លួន។
ការបង្កើតបណ្តាញប្រព័ន្ធទំនាក់ទំនង Lunar network លើភពព្រះច័ន្ទនោះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារអវកាសរបស់អាមេរិក ក្នុងការនាំមនុស្សទៅកាន់ភពព្រះច័ន្ទនៅឆ្នំា២០២៤ខាងមុខនេះ និងសាងសង់លំនៅដ្ឋានរយៈពេលយូរនៅទីនោះ ក្រោមគម្រោងកម្មវិធី Artemis ដែលមានបច្ចេកវិជ្ជាខ្ពស់របស់ខ្លួន។ កម្មវិធីនេះត្រូវគេដឹងថា នឹងនាំមនុស្សស្រីដំបូង ហើយបន្ទាប់មកនឹងនាំមនុស្សប្រុសដំបូងទៅកាន់ភពព្រះច័ន្ទ។
ក្រុមហ៊ុន Nokia បានបញ្ជាក់ថា ប្រព័ន្ធទំនាក់ទំនងដែលផ្តល់សញ្ញាលើកទីមួយក្នុងលំហអាកាស នឹងត្រូវសាងសង់លើផ្ទៃភពព្រះច័ន្ទនៅចុងឆ្នាំ២០២២ មុនពេលមនុស្សលោកត្រឡប់ទៅកាន់ទីនោះជាថ្មីម្តងទៀត។បន្ទាប់ពីការនាំយកឧបករណ៍ផ្នែកបណ្តាញរួចហើយ បណ្តាញទំនាក់ទំនងនេះ នឹងផ្គុំខ្លួនឯងហើយបង្កើតនូវប្រព័ន្ធទំនាក់ទំនងរយ:ចម្ងាយឆ្ងាយ មានល្បឿនលឿន LTE ជាលើកដំបូងលើភពព្រះច័ន្ទ។ នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុន Nokia។ បណ្តាញនេះ នឹងផ្តល់សមត្ថភាពនៃការធ្វើទំនាក់ទំនងដ៏សំខាន់របស់ខ្លួន ដល់កម្មវិធីបញ្ជូនទិន្នន័យជាច្រើនខុសៗគ្នា។ ក្នុងនោះ រួមមានប្រតិបត្តិការបញ្ជា និងដំណើរការគ្រប់គ្រង ការគ្រប់គ្រងតាមឧបករណ៍បញ្ជាពីចម្ងាយ ការប្រាប់ទិសជាក់ស្តែង និងការបញ្ជូនទិន្នន័យវីដេអូដែលមានគុណភាពខ្ពស់ និងច្បាស់ផងដែរ។ នេះបើតាមការឲ្យដឹងរបស់ក្រុមហុន Nokia៕