មន្ទីរពេទ្យកុមារអង្គរ រយៈពេលជិតមួយខែនេះ បានទទួលថវិកាដែលប្រមូលបានពីសប្បុរសជនទាំងក្នុង និងក្រៅស្រុក មានចំនួន ៤០ម៉ឺនដុល្លារអាមេរិកទៀត ដើម្បីបន្តនិរន្តរភាពជួយសង្គ្រោះជីវិតអ្នកជំងឺ និងកុមារកម្ពុជា។
អ្នកនាង ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈរបស់អង្គការមន្ទីរពេទ្យកុមារអង្គរ បានប្រាប់បណ្តាញព័ត៌មានថា ព្រឹត្តិការណ៍ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២០ មន្ទីរពេទ្យកុមារអង្គរ បានទទួលថវិកាពីសប្បុរសជនទាំងក្នុងនឹងក្រៅប្រទេសមានចំនួន ៤០ម៉ឺនដុល្លារ ។
«សាយ» បានរត់តែម្នាក់ឯង តាមបណ្តោយផ្លូវជុំវិញព្រំដែនប្រទេសកម្ពុជា ក្នុងខេត្តចំនួន ២០ សរុប ៩៩ថ្ងៃ ហើយយុទ្ធនាការ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» បានចាប់ផ្តើមនៅថ្ងៃ២៦ ខែតុលា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅថ្ងៃ១៣ ខែមករា ឆ្នាំ២០២១។
គួរជម្រាបថា ៖ ថវិកាដែលទទួលបានពីសប្បុរសជននឹងយកទៅជួយដល់កុមារ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ដោយឥតគិតថ្លៃ។ ជំងឺដែលត្រូវព្យាបាលរួមមាន ជំងឺអេដស៍ ជំងឺមហារីកភ្នែក មហារីកគ្រាប់ឈាម ជំងឺបេះដូង ជំងឺប្រព័ន្ធប្រសាទ និងជំងឺតម្រងនោម ជាដើម៕