រាជរដ្ឋាភិបាល សំរេចកាត់ដីខេត្តកណ្ដាល ជិត៤០០ហិកតា បញ្ចូល ក្នុងរដ្ឋបាល ក្រុងភ្នំពេញ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំប្រមុខរដ្ឋស្ដីទី ដើម្បី កាត់ ដីខេត្ដកណ្ដាល ទំហំ៣៧៦ហិកតា ស្ថិតក្នុងរដ្ឋបាលរបស់ក្រុងតាខ្មៅ ដើម្បី បញ្ចូលមកក្នុងរដ្ឋបាលរបស់ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើ លិ ខិតគោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីថា រដ្ឋ បាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល បានធ្វើលិខិត ជូនមក ក្រសួង មហាផ្ទៃ ដើម្បីស្នើសុំកែសម្រួល ព្រំប្រទល់រដ្ឋបាល រវាងរាជធានី ភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកផ្ទៃដីទំហំ៣៧៦ហិកតា ចេញ ពីក្រុង តាខ្មៅ ខេត្តកណ្តាល ដាក់បញ្ចូលមក ស្ថិតក្រោម ការគ្រប់គ្រង របស់ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ស្របតាមស្មារតី នៃលិខិតលេខ ១៩០ សជណ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី ដោះ ស្រាយផលប៉ះពាល់ និងជួយសម្រួល ដល់ការអនុវត្ត គម្រោង ប្លង់ មេ សម្រាប់ អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ក៏ដូចជា ការ ជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍន៍ ការ រក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និង ការងារ សង្គម ផ្សេងៗ។ លិខិតនេះ បានធ្វើឡើង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប៉ុន្ដែទើបធ្លាក់ដល់ដៃអ្នកកាសែត នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ផ្អែកតាមរបាយការណ៍ ស្តីពីលទ្ធផល នៃការធ្វើបច្ចុប្បន្នភាពព្រំប្រទល់ ស្ថិតិប្រជាពលរដ្ឋ និងការ ចុះពិនិត្យទីតាំងជាក់ស្តែង ឃើញថា ការស្នើសុំកែ សម្រួលខាងលើនេះ នឹង មាន ការប្រែប្រួលនូវទំហំផ្ទៃដីទី ៣៧៦ ហិកតា មកនៅ ត្រឹមទំហំ ៣០២ ហិកតា ៩៣៩១ម៉ែត្រការ៉េ ដោយកាត់យកភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន, ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឫស្សី , ភូមិព្រែកឡុង នៃសង្កាត់តាក្តុល និងភូមិបត្តាជី នៃសង្កាត់ព្រែកហូរ សង្កាត់ចំនួន៤ ស្មើនឹង៥ភូមិ ដែលមានលំនៅឋាន សរុបចំនួន១៣៩ខ្នងផ្ទះ ស្មើនឹង ១៧៧គ្រួសារ ប្រជាពលរដ្ឋចំនួន៧៥៣នាក់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្តាល បានគោរពស្នើសុំកាត់ផ្ទៃដី ទំហំ ២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែកដី នៃវត្តបទុមសាគរ ហៅវត្ត ទួល តា ក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យមក ស្ថិត នៅក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត កណ្ដាល ដើម្បីឱ្យផ្ទៃដីវត្តទាំងមូល ស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋបាល តែមួយ ហើយងាយស្រួល ក្នុងការចុះបញ្ជីវិញ្ញាបនបត្រ សម្គាល់ម្ចាស់ អចលនវត្ថុ ជូនវត្ត។
យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់មាត្រា៦ វាក្យខ័ណ្ឌទី១ បានចែងថា ការបង្កើត ការលុបចោល ការកែ ប្រែ ព្រំប្រទល់ និងការកំណត់ឈ្មោះខេត្ត ត្រូវសម្រេច ដោយព្រះ រាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើ សុំពីរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ។
ផ្អែកលើបទប្បញ្ញត្តិច្បាប់ និងមូលដ្ឋានដូចបានគោរពជម្រាបជូនខាងលើ តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមគោរពស្នើសុំ សម្តេចប្រមុខរដ្ឋស្តីទី មេត្តាអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ដើម្បីកែសម្រួល ព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកភូមិចំនួន០៥គឺ ភូមិស្ទឹងជ្រៅ និង ភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន , ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឫស្សី , ភូមិព្រែកឡុង នៃសង្កាត់តាក្តុល និងភូមិបត្តាជី នៃសង្កាត់ព្រែកហូរ ដែលមានផ្ទៃដីទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ពីក្រុងតាខ្មៅ ខេត្ត កណ្តាល មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងកាត់យកផ្ទៃដី ទំហំ ២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដូចមានក្នុងផែនទី និងនិយាមការគោរពជូនភ្ជាប់មកជាមួយ។ សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេចប្រមុខរដ្ឋស្តីទី មេត្តាពិនិត្យ និងសម្រេចលើសេចក្តីស្នើសុំខាងលើដោយក្ដីអនុគ្រោះ៕
សូមអានខ្លឹមសារទាំងស្រុង នៃលិខិតគោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ដូចខាងក្រោម៖