បរទេស៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញនៅថ្ងៃសុក្រនេះថា ប្រទេសម៉ាឡេស៊ីបានកត់ត្រាការស្លាប់ចំនួន ៩.៦៧១ នាក់ ដោយសារជំងឺកូវីដ ១៩ នៅក្នុងខែកញ្ញា ដែលជាខែមានចំនួនស្លាប់ច្រើនបំផុតចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម ដោយអាជ្ញាធរបាននិយាយថាការកើនឡើងនេះភាគច្រើនដោយសារតែការពន្យារពេលនៃការបញ្ចូលចំនួនអ្នកស្លាប់ពីខែមុន។
ការកើនឡើងនេះបានជំរុញឱ្យចំនួនអ្នកស្លាប់របស់ម៉ាឡេស៊ីឡើងដល់កម្រិតខ្ពស់បំផុតក្នុងចំណោមមួយកាពីតា (per capita) នៅអាស៊ី ទោះបីជាការឆ្លងថ្មីបានថយចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពេលមានកម្មវិធីចាក់វ៉ាក់សាំងកើនឡើងក៏ដោយ។
តួរលេខនៅខែកញ្ញាមានចំនួនច្រើនជាង ១/៣ នៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ សរុបចំនួន ២៦.៣៣៥ នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលបានកត់ត្រាការឆ្លងជាង ២.២ លាននាក់ ជាចំនួនខ្ពស់បំផុតទី៣ នៅអាស៊ីអាគ្នេយ៍។
ទោះយ៉ាងណាមន្រ្តីក្រសួងសុខាភិបាលនិយាយថា ការរាយការណ៍អំពីការស្លាប់ជាច្រើនត្រូវបានពន្យារពេល ហើយខ្លះរហូតដល់ច្រើនខែ ដោយសារករណីកើនឡើងគ្របដណ្តប់លើមន្ទីរពេទ្យនិងមន្ទីរពិសោធន៍តេស្ត។
ក្រសួងនៅខែកញ្ញាបានចាប់ផ្តើមបញ្ចេញទិន្នន័យប្រចាំថ្ងៃ យោងតាមពេលវេលានៃការស្លាប់ក៏ដូចជាកាលបរិច្ឆេទនៃការរាយការណ៍របស់ពួកគេក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវតម្លាភាពនិងអោយច្បាស់លាស់អំពីទិន្នន័យដែលយឺតយ៉ាវ។
គួររំលឹកថា ទិន្នន័យបានបង្ហាញថា ទោះបីជាប្រទេសម៉ាឡេស៊ីបានរាយការណ៍ពីអត្រាស្លាប់ប្រចាំថ្ងៃជាមធ្យមចំនួន ៣២២ នាក់ នៅក្នុងខែកញ្ញាក៏ដោយ ក៏ចំនួនអ្នកស្លាប់ប្រចាំថ្ងៃបានធ្លាក់ចុះមកត្រឹម ៨៩ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដោយផ្អែកលើការថយចុះជាមធ្យម ៧ ថ្ងៃ។ NR