បរទេស៖ កូរ៉េខាងត្បូងបានបង្កើតក្រុមមួយកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រស្តីពីរបៀប “ការរស់នៅជាមួយជំងឺកូវីដ ១៩” ក្នុងរយៈពេលវែង ខណៈដែលប្រទេសនេះព្យាយាមលុបបំបាត់ការរឹតត្បិត និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ នៅពេលអត្រាចាក់វ៉ាក់សាំងចាប់ផ្តើមកើនឡើង។

ក្រសួងសុខាភិបាលបាននិយាយកាលពីសប្តាហ៍មុនថា ក្រោមយុទ្ធសាស្ត្ររដ្ឋាភិបាល មានបំណងបន្ធូរបន្ថយការរឹតត្បិតមេរោគកូរូណាសម្រាប់ប្រជាពលរដ្ឋដែលអាចបញ្ជាក់ថា ពួកគេបានចាក់វ៉ាក់សាំងការពារពេញលេញ ខណៈដែលលើកទឹកចិត្តដល់អ្នកជំងឺកូវីដ ១៩ ដែលមិនមានរោគសញ្ញានិងអាក្ការៈស្រាលដែលមានអាយុក្រោម ៧០ ឆ្នាំ ឱ្យសម្រាកព្យាបាលនៅផ្ទះ។


ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា រដ្ឋាភិបាលក៏នឹងផ្តោតលើចំនួននៃការចូលមន្ទីរពេទ្យនិងការស្លាប់ ជាជាងការឆ្លងថ្មីប្រចាំថ្ងៃ។

នាយករដ្ឋមន្រ្តី លោក Kim Boo-kyum បានប្រាប់កិច្ចប្រជុំគណៈកម្មាធិការលើកដំបូងនៅថ្ងៃពុធនេះថា យើងនឹងប្រែក្លាយជំងឺកូវីដ ១៩ ទៅជាជំងឺឆ្លងដែលអាចគ្រប់គ្រងបាន ហើយលែងជាការភ័យខ្លាចចំពោះអ្វីដែលមិនស្គាល់ ហើយនឹងអោយទម្លាប់ធម្មតាទៅដល់ប្រជាជនវិញ។ លោកបន្ថែមថា ការពាក់ម៉ាស់ជាកាតព្វកិច្ចនឹងមិនត្រូវបានលុបចោលភ្លាមៗទេក្រោមគោលនយោបាយថ្មីនេះ។

ជាក់ស្តែង ប្រទេសកូរ៉េខាងត្បូងមិនដែលបិទប្រទេសទាំងស្រុងទេ ប៉ុន្តែបានស្ថិតនៅក្រោមការរឹតបន្តឹងគម្លៀតចម្ងាយសង្គមដ៏តឹងរ៉ឹងបំផុតចាប់តាំងពីខែកក្កដា។


យុទ្ធសាស្ត្រថ្មីនេះកើតឡើងដោយសារការចាក់វ៉ាក់សាំងដែលដំបូងឡើយត្រូវបានរារាំងដោយកង្វះការផ្គត់ផ្គង់បានកើនឡើងយ៉ាងឆាប់រហ័ស។ ប្រទេសនេះបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងតិចមួយដូសដល់ ៧៨,១% នៃប្រជាជនរបស់ខ្លួន ខណៈ ៦០,៧% ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។

គួររំលឹកថា ប្រទេសនេះបានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១.៥៨៤ ករណី កាលពីថ្ងៃអង្គារ ដែលនាំអោយការឆ្លងសរុបមានចំនួន ៣៣៥.៧៤២ ករណី និងស្លាប់ចំនួន ២.៦០៥ នាក់៕ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ