បរទេស៖ ប្រទេសនូវែលសេឡង់បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នូវការកើនឡើងដ៏ច្រើនបំផុតនៃការឆ្លងមេរោគកូវីដ ១៩ ក្នុងរយៈពេល ៦ សប្តាហ៍កន្លងមក ដោយករណីទាំងអស់ត្រូវបានរកឃើញនៅ Auckland ដែលធ្វើអោយមានការរំពឹងទុកនៃការពន្យារពេលបន្ថែមទៀតលើការបិទខ្ទប់នៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសនៅសប្តាហ៍ក្រោយនេះ។
មនុស្ស ១,៧ លាននាក់ នៅទីក្រុង Auckland ស្ថិតនៅក្រោមការបញ្ជាអោយស្នាក់នៅផ្ទះយ៉ាងតឹងរ៉ឹងរហូតដល់ថ្ងៃច័ន្ទនេះ ខណៈដែលមន្រ្តីរកវិធីទប់ស្កាត់ការផ្ទុះឡើងនៃការឆ្លងរាលដាលនៃវ៉ារ្យ៉ង់វីរុស Delta ដែលជាការរីករាលដាលធំបំផុតនៃករណីឆ្លងក្នុងសហគមន៍នៅក្នុងប្រទេសចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតមក។
ឧបនាយករដ្ឋមន្រ្តី លោក Grant Robertson បានមានប្រសាសន៍ថា ការកើនឡើងនៃករណីនៅក្នុងទីក្រុង Auckland មិនមែនជារឿងដែលមិននឹកស្មានដល់នោះទេ ប៉ុន្តែវាកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
លោក Grant Robertson បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Wellington ដោយអំពាវនាវឱ្យប្រជាជននៅទីក្រុង Auckland អនុវត្តតាមច្បាប់កម្រិត ៣ យ៉ាងតឹងរ៉ឹង ដែលមនុស្សភាគច្រើនតម្រូវឱ្យនៅផ្ទះលុះត្រាតែពួកគេមានហេតុផលបន្ទាន់ដើម្បីចេញក្រៅផ្ទះ។
យ៉ាងណាម៉ិញ ប្រជាជននូវែលសេឡង់ប្រមាណ ២,៤៩ លាននាក់ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ឬប្រហែល ៥៩% នៃប្រជាជនដែលមានសិទ្ធិទទួលវ៉ាក់សាំង ដោយមន្រ្តីសន្យាថានឹងបញ្ចប់ការបិទខ្ទប់នៅពេលដែលប្រជាជន ៩០% បានចាក់វ៉ាក់សាំងរួច។
គួររំលឹកថា ទោះបីជាមានការផ្ទុះឡើងនៃវ៉ារ្យ៉ង់វីរុស Delta ក៏ដោយ ប្រទេសនូវែលសេឡង់បានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៤.៤៧២ នាក់ និងមានអ្នកស្លាប់ចំនួន ២៨ នាក់ ក្នុងកំឡុងពេលមានជំងឺរាតត្បាត ដែលនេះជាតួលេខទាបជាងប្រទេសជាច្រើន។ NR