អន្តរជាតិ៖ អង្គការសប្បុរសធម៌វេជ្ជសាស្ត្រ Medecins Sans Frontieres (ហៅកាត់ MSF) បាននិយាយថា ក្បួនរថយន្តចំនួន ១៤ គ្រឿង បានចូលប្រទេសស៊ីរី ភាគពាយ័ព្យ កាលពីថ្ងៃអាទិត្យ ដើម្បីជួយក្នុងប្រតិបត្តិការជួយសង្គ្រោះដោយគ្រោះរញ្ជួយដី ខណៈដែលការព្រួយបារម្ភកើនឡើងចំពោះកង្វះមធ្យោបាយចូលទៅកាន់តំបន់រងគ្រោះដោយសង្គ្រាម។

កម្មវិធីស្បៀងអាហារពិភពលោក (ហៅកាត់ WFP) បាននឹងកំពុងដាក់សម្ពាធដល់អាជ្ញាធរនៅក្នុងតំបន់នោះនៃប្រទេសស៊ីរី ឱ្យបញ្ឈប់ការបិទផ្លូវចូល ខណៈដែលខ្លួនស្វែងរកការជួយមនុស្សរាប់សែននាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈ ដែលបានវាយប្រហារក្នុងតំបន់នោះ។

នាយករបស់កម្មវិធីស្បៀងអាហារពិភពលោក លោក David Beasley បានថ្លែងទៅកាន់សារព័ត៌មាន Reuters នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលស៊ីរី និងទួរគីបានសហការគ្នាយ៉ាងល្អ ប៉ុន្តែប្រតិបត្តិការរបស់ខ្លួនកំពុងត្រូវបានរារាំងនៅភាគពាយព្យនៃប្រទេសស៊ីរី។ ទីភ្នាក់ងារនេះកាលពីសប្តាហ៍មុនបាននិយាយថា ខ្លួនកំពុងអស់ស្តុកនៅទីនោះ ហើយបានអំពាវនាវឱ្យមានការបើកច្រកព្រំដែនបន្ថែមទៀតពីប្រទេសទួរគី។

ចំណែកឯ នៅក្នុងប្រទេសស៊ីរី ដែលបានខ្ទេចខ្ទាំដោយសង្គ្រាមស៊ីវិលជាងមួយទស្សវត្សមកហើយ អ្នកស្លាប់ភាគច្រើនបានស្ថិតនៅភាគពាយ័ព្យ។ តំបន់នេះត្រូវបានគ្រប់គ្រងដោយពួកបះបោរនៅក្នុងសង្គ្រាមជាមួយកងកម្លាំងដែលស្មោះត្រង់នឹងប្រធានាធិបតី លោក Bashar al-Assad ដែលមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានជំនួយដល់ប្រជាជន។

ទន្ទឹមនឹងនេះ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងប្រទេសទួរគីបានធ្លាក់ចុះកាលពីថ្ងៃអាទិត្យ ដោយមនុស្សជាច្រើនបានបន់ស្រន់សម្រាប់តែសាកសពដើម្បីកាន់ទុក្ខប៉ុណ្ណោះ។ យោងទៅតាមទំនៀមទំលាប់របស់សាសនាឥស្លាម អ្នកស្លាប់គួរតែត្រូវបានគេបញ្ចុះឱ្យលឿនតាមដែលអាចធ្វើទៅបាន។

ស្របជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសទួរគីកាលពីថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងការពិភាក្សាអំពីរបៀបដែលទីក្រុងវ៉ាស៊ីនតោន អាចជួយបន្ថែមដល់ទីក្រុងអង់ការ៉ា ខណៈដែលខ្លួនកំពុងដោះស្រាយជាមួយនឹងផលវិបាកនៃសោកនាដកម្មដ៏អាក្រក់មួយនេះ។

ការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានវាយប្រហារភាគអាគ្នេយ៍នៃប្រទេសតួកគី និងប្រទេសជិតខាងស៊ីរី បានសម្លាប់មនុស្សជាង ៤៦.០០០ នាក់ និងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់មួយលាននាក់គ្មានផ្ទះសម្បែង ដោយតម្លៃសេដ្ឋកិច្ចនៃគ្រោះមហន្តរាយនេះរំពឹងថា នឹងកើនឡើងដល់រាប់ពាន់លានដុល្លារ។

គួររំលឹកថា អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា មនុស្សប្រហែល ២៦ លាននាក់ នៅទូទាំងប្រទេសទួរគី និងស៊ីរីត្រូវការជំនួយមនុស្សធម៌។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ