អាមេរិក៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានអោយដឹងថា សហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារជំងឺឆ្លងវីរុសកូរូណាចំនួន ៧០០.០០០ នាក់ នៅថ្ងៃសុក្រនេះ ខណៈដែលមន្រ្តីបានចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារមនុស្សចាស់និងមនុស្សដែលធ្វើការក្នុងវិជ្ជាជីវៈដែលមានហានិភ័យខ្ពស់។
ប្រទេសនេះបានរាយការណ៍ពីការស្លាប់ជាមធ្យមជាង ២.០០០ នាក់ ក្នុងមួយថ្ងៃ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ដែលតួលេខនេះតំណាងឱ្យប្រមាណ ៦០% នៃការស្លាប់ខ្ពស់បំផុតនៅក្នុងខែមករា នេះបើយោងតាមការវិភាគរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រលើទិន្នន័យសុខភាពសាធារណៈ។
សហរដ្ឋអាមេរិកនៅតែនាំមុខគេលើពិភពលោកក្នុងករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ ១៩ ដែលស្មើនឹង ១៩% និង ១៤% នៃករណីឆ្លងនិងស្លាប់ទាំងអស់។ យ៉ាងណាម៉ិញ នៅទូទាំងពិភពលោក ជំងឺរាតត្បាតត្រូវបានកំណត់ថា នឹងមានអ្នកស្លាប់ជាង ៥ លាននាក់ហើយ។
វ៉ារ្យ៉ង់វីរុស Delta ដែលអាចចម្លងបានខ្ពស់ បានជំរុញឱ្យមានការកើនឡើងនៃជំងឺកូវីដ ១៩ ដែលបានឡើងខ្ពស់នៅពាក់កណ្តាលខែកញ្ញា មុនពេលធ្លាក់ចុះដល់កំរិតបច្ចុប្បន្នប្រហែល ១១៧.៦២៥ ករណី ក្នុងមួយថ្ងៃ ដោយផ្អែកលើការថយចុះជាមធ្យម ៧ ថ្ងៃ។
គួររំលឹកថា ករណីនៃជំងឺកូវីដ ១៩ នៅតែមានលើសពី ១០.០០០ ករណី ក្នុងមួយថ្ងៃ ដែលអ្នកជំនាញផ្នែកជំងឺឆ្លងកំពូលរបស់អាមេរិក លោកវេជ្ជបណ្ឌិត Anthony Fauci បាននិយាយថា ចាំបាច់ត្រូវតែឈានដល់ការបញ្ចប់វិបត្តិសុខុមាលភាពនេះ។ NR