វ៉ាស៊ីនតោន៖ យូធូបនឹងរារាំងខ្លឹមសារនៃការប្រឆាំងនឹងវ៉ាក់សាំងទាំងអស់ ដោយធ្វើហួសពីការហាមឃាត់របស់ខ្លួន លើព័ត៌មានមិនពិតអំពីវ៉ាក់សាំងកូវីដ រួមបញ្ចូលទាំងខ្លឹមសារព័ត៌មានមិនត្រឹមត្រូវអំពីវ៉ាក់សាំងដែលត្រូវបានអនុម័ត នេះបើយោងតាមរយៈការប្រកាសក្នុងកំណត់ហេតុនៃបណ្តាញ (blog post) កាលពីថ្ងៃពុធ។

ឧទាហរណ៍នៃខ្លឹមសារដែលមិនត្រូវបានអនុញ្ញាតនៅលើយូធូបរួមមាន ការអះអាងថាវ៉ាក់សាំងផ្តាសាយបណ្តាលឱ្យមានកូន ហើយការចាក់វ៉ាក់សាំង MMR ដែលការពារប្រឆាំងនឹងជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច អាចបង្កឱ្យមានជំងឺអូទីស្សឹម នេះបើយោងតាមគោលការណ៍របស់យូធូប។

ក្រុមហ៊ុនវីដេអូតាមអ៊ិនធឺណេតដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Alphabet Inc (GOOGL.O) ក៏កំពុងហាមឃាត់បណ្តាញដែលពាក់ព័ន្ធជាមួយសកម្មជនប្រឆាំងវ៉ាក់សាំងលេចធ្លោមួយចំនួនរួមមាន Robert F. Kennedy Jr. និង Joseph Mercola អ្នកនាំពាក្យគេហទំព័រយូធូបបាននិយាយប្រាប់បន្ថែម។

ការផ្លាស់ប្តូរនេះកើតមានឡើងនៅពេលដែលយូធូបនិងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀត ដូចជា ហ្វេសប៊ុក (FB.O) និងធ្វីតធ័រ (TWTR.N) ត្រូវបានគេរិះគន់ថា មិនបានធ្វើគ្រប់គ្រាន់ដើម្បីបញ្ឈប់ការរីករាលដាលនៃព័ត៌មានសុខភាពមិនពិត នៅលើគេហទំព័ររបស់ពួកគេ។

ប៉ុន្តែ ទោះបីជា យូធូបប្រកាន់ជំហរតឹងរ៉ឹងជាងមុនអំពីព័ត៌មានមិនពិតក៏ដោយ ក៏ក្រុមហ៊ុននេះប្រឈមមុខនឹងប្រតិកម្មនៅជុំវិញពិភពលោក។ កាលពីថ្ងៃអង្គារ បណ្តាញផ្សាយភាសាអាល្លឺម៉ង់ RT Channels របស់រុស្ស៊ីដែលគាំទ្រដោយរដ្ឋ ត្រូវបានលុបចេញពីគេហទំព័រយូធូប ខណៈដែលក្រុមហ៊ុនបាននិយាយថា បណ្តាញទាំងនោះបានបំពានគោលនយោបាយផ្តល់ព័ត៌មានមិនត្រឹមត្រូវនៃជំងឺកូវីដ ១៩ ។

ឆ្លើយតបនឹងរឿងនេះដែរ ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ បានហៅការផ្លាស់ប្តូរនេះថា ជាការឈ្លានពានព័ត៌មានដែលមិនធ្លាប់មានពីមុនមក ហើយបានគំរាមកំហែងបិទគេហទំព័រយូធូបទៀតផង។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ